កម្ពុជាកំពុងរងឥទ្ធិពលព្យុះចំនួន៣ ដែលបណ្តាលឱ្យមានភ្លៀង ខ្យល់កន្ទ្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែសីហា


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៥ ឈ្មោះ ចាន់ហម (Chan-hom) ដែលបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ព្យុះនេះរួមជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) នឹងជះឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើតំបន់មួយចំនួន រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

យោងតាមការព្យាករណ៍ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរដោយផ្ទាល់របស់ព្យុះទាំងបីនេះឡើយ។ ទោះជាយ៉ាងណា ឥទ្ធិពលនៃព្យុះទាំងនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ មានការប្រែប្រួល។ សម្រាប់តំបន់វាលទំនាបរួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៤០%។

ចំណែកឯតំបន់ខ្ពង់រាបវិញ រួមមាន៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៦០%។ ដោយឡែកតំបន់មាត់សមុទ្រ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៧០% ព្រមទាំងមានរលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕