(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី ដើម្បីពិនិត្យលើបទបង្ហាញ ពាក់ព័ន្ធការកាន់កាប់ដីចំណីទន្លេ ព្រែក បឹងបួរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អភិបាលស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមរបាយការណ៍របស់លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម បានឲ្យដឹងថា តាមការសន្និដ្ឋានរបស់មន្ទីរជំនាញឃើញថា បច្ចុប្បន្ន ការកាន់កាប់ដីចំណីទន្លេ ព្រែក បឹងបួរ មានចំនួន ៦ ស្រុក ៤០ ឃុំ ១៧៣ ភូមិ ដែលមានក្បាលដីសរុប ៧,៦៤៤ ក្បាលដី ទំហំផ្ទៃដីសរុប ១០,១៤៤,១២១ ម៉ែត្រការ៉េ។
ក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ការកាន់កាប់ដីចំណីទន្លេ ព្រែក បឹងបួរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំង ៦ ស្រុកនោះ ក្នុងនោះ ស្រុកស្ទឹងត្រង់ មានចំនួន ១,៤៣៧ ក្បាលដី, ស្រុកកំពង់សៀម មានចំនួន ១,០០៣ ក្បាលដី, ស្រុកកោះសូទិន មានចំនួន ១,៤៤០ ក្បាលដី, ស្រុកស្រីសន្ធរ មានចំនួន ១,៤៥០ ក្បាលដី, ស្រុកកងមាស មានចំនួន ១,៦២៣ ក្បាលដី និងស្រុកបាធាយ មានចំនួន ៦៥៥ ក្បាលដី។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើបទបង្ហាញពាក់ព័ន្ធករណីកាន់កាប់ដីចំណីទន្លេ ព្រែក បឹងបួរនោះ គណៈកម្មាធិការរៀបចំដែនដីខេត្តកំពង់ចាម មានគម្រោងស្នើសុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នូវគោលការណ៍មួយចំនួន ដើម្បីអនុវត្តពាក់ព័ន្ធករណីកាន់កាប់ដីចំណីទន្លេ ព្រែក បឹងបួរ ក្នុងខេត្តកំពង់ចាម៕









