ក្រសួងព័ត៌មាន និងក្រុមហ៊ុន Smart Axiata ពិភាក្សាគ្នាលើការពង្រឹងកិច្ចសហការ សម្រាប់ការអភិវឌ្ឍក្នុងវិស័យព័ត៌មាន និងបរិវត្តកម្មឌីជីថល


(ភ្នំពេញ)៖  ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦  ក្រសួងព័ត៌មាន និងក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហការ និងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យព័ត៌មាន ទូរគមនាគមន៍ និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ការពិភាក្សាលើកិច្ចសហការនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយលោក Ritesh KUMAR SINGH នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន លោក Ritesh KUMAR SINGH បានជម្រាបជូនថា ក្រុមហ៊ុន ស្មាត គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមរយៈការបន្តវិនិយោគជាប្រចាំ ដើម្បីពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មឌីជីថលទំនើប ព្រមទាំងបានបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងការកោតសរសើរចំពោះការរួមចំណែករបស់ក្រុមហ៊ុន ស្មាត ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ដែលបានរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ចឌីជីថល ដោយលើកទឹកចិត្តឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងព័ត៌មាន ផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយវិស័យឯកជន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន ស្មាត បន្តចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព ប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងទំនួលខុសត្រូវ ព្រមទាំងរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿជឿជាក់ថា ក្រុមហ៊ុន ស្មាត នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ស្របតាមបរិបទ នៃបដិវត្តន៍ឌីជីថល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា៕