ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាលជាមួយសហគមន៍ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ក្នុងតំបន់ការពារធម្មជាតិកោដូន្តី ខេត្តកំពង់ស្ពឺ


ក្រសួងបរិស្ថានបាន និងកំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែនិងពង្រឹងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងរដ្ឋបាលមូលដ្ឋាន រួមជាមួយអ្នកពាក់ព័ន្ធ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា គម្រោងមានគោលដៅពង្រឹងប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ នៅក្នុងតំបន់ ជួយបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការបង្កើតកន្លែងលំហែកាយបែបធម្មជាតិបៃតង ដ៏ទាក់ទាញមួយបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងអភិវឌ្ឍន៍ គោលដៅលម្ហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីដ៏សំខាន់នៃ «សុខសន្តិភាព» ដែល កើតចេញពីនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំប្រទេស ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ហើរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារ និងថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ហើយជាគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការងារការពារបរិស្ថាន និងការអភិវឌ្ឍសហគមន៍មូលដ្ឋានផងដែរ។
ឯកឧត្តមបានថ្លែងបន្ថែមថា ក្រោមម្លប់សន្តិភាព និងដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថានបានសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ រៀបចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ កន្លែងអង្គុយត្រាំទឹកក្តៅ កន្លែងងូតទឹកដែលកើតចេញពីធម្មជាតិ មជ្ឈមណ្ឌលព័ត៌មាន ផ្សារសហគមន៍ មានកន្លែងស្នាក់នៅ សម្រាកលម្ហែ ចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ ការដាំដើមឈើ ដាំផ្កាលម្អ មានទីតាំងវប្បធម៌ កន្លែងទីសក្ការៈបូជាផងដែរ។
សូមបញ្ជាក់ថាកន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ក្នុងនោះបានផ្តល់ភ្លើងទេវតា (សូឡា) បំភ្លឺជូនសហគមន៍ចំនួន ៣០៣គ្រួសារ។ ឆាប់ៗនាពេលខាងមុខ ក្រសួងបរិស្ថាននឹងអនុវត្តគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង ដោយផ្តោតសំខាន់លើការផ្តល់ជូនសហគមន៍ ជាសហគ្រិន មានភាពជាម្ចាស់ និងដឹកនាំគម្រោងនេះ ធ្វើការផ្តល់សេវាកម្មទេសចរណ៍ ឱ្យបានល្អប្រសើរ ដែលជួយលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យមានចីរភាព។ តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ត្រូវបានមន្ត្រីជំនាញចុះវាស់វែង បោះបង្គោលព្រំដីកំណត់តំបន់អភិវឌ្ឍន៍ និងរៀបចំផែនការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង រួចហើយ។ តំបន់ទេទឹកពុះមានតំបន់ធម្មជាតិប្លែកពីគេ មានទឹកក្តៅធម្មជាតិដ៏កម្រមានតែមួយគត់នៅកម្ពុជា និងអាចមានសីតុណ្ហភាពខ្ពស់ពី ៧០ដល់ ១០០អង្សាសេ ដែលអ្នកស្រុកខ្លះមានជំនឿអាចព្យាបាលជំងឺនានាថែមទៀត។ ក្រៅពីតំបន់នេះ នៅមានតំបន់ព្រៃអារក្ស កន្លែងគោរពបូជា តាមជំនឿសាសនា នៃជនជាតិដើមភាគតិចសួយ មានតំបន់ព្រៃឈើ សត្វព្រៃ ជីវៈចម្រុះ ដែលត្រូវអភិរក្សឱ្យមាននិរន្តរភាព ដើម្បីបង្កើនសោភ័ណភាពនិងគម្របបៃតង សម្រាប់កូនចៅតជំនាន់។
លោក ផល លឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ «ទេទឹកពុះ» ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។ លោក ផល លឿន បានបង្ហាញក្តីសង្ឃឹមថា គម្រោងអភិវឌ្ឍន៍គោលដៅលម្ហៃបៃតងនេះ នឹងបំប្លែងតំបន់ទេទឹកពុះ ទាក់ទាញទេសចរបានកាន់តែច្រើន ដែលបង្កើតមុខរបរ និងចំណូលផ្ទាល់ជូនអ្នកភូមិ និងចូលរួមការពារព្រៃឈើប្រកបដោយចីរភាព៕