ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ភាពជោគជ័យរបស់អាស៊ាន មិនអាស្រ័យតែលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការចូលរួមពីវិស័យធុរកិច្ច ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់អាស៊ាន មិនត្រឹមតែអាស្រ័យលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការចូលរួមយ៉ាងសកម្មពីវិស័យធុរកិច្ច ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន។

យោងតាមលិខិតអបអរសាទរខួបអាស៊ានលើកទី៥៩ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងបរិយាកាសមិនប្រាកដប្រជានេះ អាស៊ានមិនអាចស្ថិតក្នុងស្ថានភាពអសកម្មបានឡើយ។ យើងមិនត្រឹមតែត្រូវឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះប៉ុណ្ណោះទេ យើងចាំបាច់ត្រូវតែជួយតម្រង់ទិសនៃ ការផ្លាស់ប្តូរនេះ។ ដូច្នេះ ឯកភាពនិងមជ្ឈភាពអាស៊ាននៅតែជាកត្តាដែលមិនអាចខ្វះបាន។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបន្តថា មជ្ឈភាពត្រូវតែឆ្លុះបញ្ចាំងឡើងតាមរយៈភាពស៊ីសង្វាក់គ្នា ភាពឆ្លើយតប និងសមត្ថភាពរបស់យើង ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍នានា និងការផ្តល់នូវលទ្ធផលប្រកបដោយអត្ថន័យសម្រាប់ប្រជាជនរបស់យើង។

កម្ពុជាមានមោទនភាពចំពោះភាពជាសមាជិកអាស៊ាន ចាប់តាំងពីឆ្នាំ១៩៩៩។ យើងនៅតែបន្តប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការពង្រឹងឯកភាព ភាពធន់ និងភាពពាក់ព័ន្ធរបស់អាស៊ាន ព្រមទាំងការប្រកាន់ខ្ជាប់នូវ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ទាំងក្នុងគោលការណ៍ និង ភាពជាក់ស្តែង។

ប្រមុខការទូតកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា «ជាចុងក្រោយ អនាគតរបស់អាស៊ានគឺជារបស់យើងដែលត្រូវកំណត់។ ភាពជោគជ័យរបស់អាស៊ាន មិនត្រឹមតែអាស្រ័យលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការចូលរួមយ៉ាងសកម្មពីវិស័យធុរកិច្ច ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន ផងដែរ។ ទាំងអស់គ្នា យើងត្រូវរួមគ្នា ពង្រឹងអត្តសញ្ញាណរួមរបស់អាស៊ាន និងជំរុញស្មារតីទទួលខុសត្រូវរួម សម្រាប់អនាគតនៃតំបន់របស់យើង»

ស្របពេលដែលយើងប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC) សូមឱ្យយើងរួមគ្នាបន្តប្តេជ្ញា ដើម្បីប្រែក្លាយគោលការណ៍នៃសន្ធិសញ្ញាដ៏ស្ថិតស្ថិរនេះទៅជា ការប្រតិបត្តិជាក់ស្តែង និងថែរក្សាសន្ធិសញ្ញានេះឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រស់រវើកសម្រាប់សន្តិភាព និង កិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់របស់យើង និងតំបន់ផ្សេងៗទៀត។

សូមឱ្យយើងរួមគ្នាធានាថា ជំនាន់ក្រោយៗអាចរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរក្សាបាន នូវសន្តិភាពផ្ទៃក្នុង មានទំនុកចិត្តលើអត្តសញ្ញាណរបស់ខ្លួន និងមានសមត្ថភាពក្នុងការកំណត់ជោគវាសនាដោយខ្លួនឯង៕