នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៦ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការងកងរាជអាវុធហត្ថខេ លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង ប្រតិភូក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ប្រតិភូក្រសួងអប់រំយុវជន និងកីឡា លោកអភិបាលស្រុកស្វាយជ្រំ
លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីនាយកសាលាដែលជាមណ្ឌលប្រលង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំបានជជែកពិភាក្សា លើការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលប្រឡងនីមួយៗ ការទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ តាមគ្រប់រូបភាព នូវការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសារ ការងារអាជីវកម្មអ៉ិនធើណេត និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង និងកិច្ចសហការពីម្ចាស់អាជីវកម្ម ដែលត្រៀមលក់ដូរ នៅក្បែរបរិវេណ មណ្ឌលប្រឡង អោយផ្អាកជាបណ្តោះអាសន្ន ជួយសម្របសម្រួលជាមួយម្ចាស់ សណ្ឋាគារ ឬផ្ទះសំណាក់ និងកន្លែង លក់ដូរ បាយម្ហូប កុំអោយមានការដំឡើងថ្លៃ ក្នុងពេលប្រឡង សម្រាប់បេក្ខជន និងគណៈមេប្រយោគ ក៏ដូចជាផ្តល់សន្តិសុខ និងសុវត្តិភាពនៅក្នុងពេលស្នាក់នៅ ព្រមទាំងជួយសម្របសម្រួលការផ្ញើកង់ និងម៉ូតូ របស់បេក្ខជន ប្រកបដោយសុវត្ថិភាពព្រមទាំងការជួយសម្របសម្រួលនៅតាមបណ្តាវត្តអារាមនានាដែលផ្តល់ជា អាហារ កន្លែងស្នាក់នៅដល់បេក្ខជន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បេក្ខជន សម្រាប់ការប្រឡងក្នុងឆ្នាំ២០២៦នេះផងដែរ៕









































