នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង។
ឯកឧត្តមអភិបាលខេត្ត សរ សុពុត្រា បានណែនាំ និងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព មានស្មារតីមាំមួន មិនត្រូវភ័យខ្លាច ឬតក់ស្លុតឡើយ។
ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពបទបញ្ជាប្រឡងឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវភាពស្មោះត្រង់ យុត្តិធម៌ និងតម្លាភាពក្នុងដំណើរការប្រឡងទាំងមូល។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យតាមគោលបំណងរៀងៗខ្លួន។
ឯកឧត្តម សរ សុពុត្រា ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មការរៀបចំប្រឡង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មក្នុងការរៀបចំដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគោរពតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០២៦នេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១,១៩៤ នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៦៨៦ នាក់។ ការប្រឡងត្រូវបានរៀបចំជា ៣ មណ្ឌលប្រឡង សរុបចំនួន ៤៩ បន្ទប់ ប្រកបដោយការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការប្រឡងថ្នាក់ជាតិ៕




















