នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកហិបវិញ្ញាសារប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៦ នៅវិទ្យាល័យសិរីសោភ័ណ។
ពិធីនេះក៏មានការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក កេត វិចិត្រ ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្ត, លោកបណ្ឌិត កុល ផេងវឌ្ឍនា ប្រធានគណៈមេប្រយោគ ទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ឈូ ប៊ុនរឿង បានឲ្យដឹងថា ការប្រឡងបាក់ឌុបឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ សម្រាប់ខេត្តបន្ទាយមានជ័យ មានបេក្ខជនសរុបចំនួន ៥.៨៨៨នាក់ ក្នុងនោះស្រី ៣.៤៥១នាក់ ដោយមាន ២៦១បន្ទប់ និងមណ្ឌលប្រឡងចំនួន៨។
លោកបានបន្តថា បេក្ខជនទាំងអស់បានគោរពម៉ោងចូលប្រឡងយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិ ហើយអនុរក្សក៏បានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ស្របតាមពាក្យស្លោក «អ្នកចេះ គឺជាប់»។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំរាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរ ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៃការប្រឡង ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយគ្មានបាតុភាពមិនល្អណាមួយកើតឡើង។
ឯកឧត្តមបានជូនពរប្អូនៗបេក្ខជនទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងជាប់គ្រប់ៗគ្នាផងដែរ៕





















