ខេត្តរតនគិរី មានបេក្ខជនប្រឡងបាក់ឌុបចំនួន ១,៩៧៧នាក់ និងបេក្ខជនជាជនជាតិដើមភាគតិចចំនួន ៤៤.៩៩ភាគរយ


ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ។ ក្នុងឱកាសនោះ លោកបានថ្លែងលើកទឹកចិត្តដល់បេក្ខជន បេក្ខនារីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីលទ្ធភាព ថែទាំសុខភាព និងសម្រាកឱ្យបានគ្រប់គ្រាន់ ព្រមទាំងជូនពរឱ្យប្រឡងជាប់និទ្ទេសល្អៗគ្រប់ៗគ្នា។

ឯកឧត្តមបានផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់គោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌល ឬបន្ទប់ប្រឡងជាដាច់ខាត ដើម្បីធានាបាននូវភាពស្មើគ្នា និងយុត្តិធម៌។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថា ដំណើរការប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ មានបេក្ខជនសរុបចំនួន ១,៩៧៧នាក់ ក្នុងនោះស្រី ១,០៨៦នាក់ និងបេក្ខជនជាជនជាតិដើមភាគតិចមានចំនួន ៤៤.៩៩ភាគរយ។

ការប្រឡងត្រូវបានរៀបចំឡើងនៅទូទាំង ៣មណ្ឌល សរុប ៨០បន្ទប់ រួមមាន៖ មណ្ឌលវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ចំនួន ៤០បន្ទប់, មណ្ឌលវិទ្យាល័យសែនភូមិថ្មី ចំនួន ២៨បន្ទប់ និងមណ្ឌលអនុវិទ្យាល័យប៊ូថង ទេសអន្លុង ចំនួន ១២បន្ទប់។

គួររំលឹកថា លោក ឌុច ចាន់តូ អភិបាលរងខេត្ត ក៏បានអញ្ជើញបើកវិញ្ញាសានៅមណ្ឌលវិទ្យាល័យហ៊ុនសែនភូមិថ្មី ខណៈលោក វ៉ាន់ សោភា អភិបាលរងខេត្ត បានអញ្ជើញបើកវិញ្ញាសានៅមណ្ឌលអនុវិទ្យាល័យប៊ូថង ទេសអន្លុង។ ដំណើរការប្រឡងឆ្នាំនេះ គេសង្កេតឃើញមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការអនុរក្ស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាថាគ្មានការលួចចម្លង ឬយកឯកសារចូលបន្ទប់ប្រឡងឡើយ។

ក្រៅពីនេះ ក៏មានការចូលរួមពីក្រុម ស.ស.យ.ក ខេត្ត ក្នុងការរៀបចំកន្លែងផ្ញើម៉ូតូដោយឥតគិតថ្លៃ និងមានវត្តមានកងកម្លាំងនគរបាល អាវុធហត្ថ ព្រមទាំងក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងទាំងបីផងដែរ៕