ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានលើវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានានៃការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារអធិការកិច្ច និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង។
ក្នុងឱកាសនេះ ឯកឧត្តម អួន ម៉េងឈាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច បានរបាយការណ៍អំពីវឌ្ឍនភាពការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ជូនអង្គប្រជុំ។ ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំទទួលបន្ទុកបានរាយការណ៍វឌ្ឍនភាពការងារ និងផ្តល់មតិយោបល់សំខាន់ៗ ដើម្បីរួមចំណែកពង្រឹងយន្តការការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់របស់ក្រសួងអធិការកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ក្នុងការបន្តខិតខំអនុវត្តតួនាទីភារកិច្ច ពង្រឹងបន្ថែមនូវអត្តសញ្ញាណរបស់គណៈប្រតិភូអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ក៏ដូចជាស្ថាប័ន ពង្រឹងរបៀបរបបការងារចុះធ្វើអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ជំរុញការអនុវត្តផែនការសកម្មភាព និងពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តឱ្យបានពេញលេញនិងមានលក្ខណៈជាប្រព័ន្ធ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។



















