ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារកណបក្សចុះមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ បានលើកឡើងថា ថ្នាក់ដឹកនាំកំពូល សមាជិក និងសមាជិការបស់គណបក្សប្រជាជនកម្ពុជា បានរែកពន់នូវអំរែកដ៏ធ្ងន់ធ្ងរ នៃការកសាងជាតិពីបាតដៃទទេ និងការការពារជាតិ រហូតមានការអភិវឌ្ឍទៅមុខជាលំដាប់។
ការលើកឡើងបែបនេះរបស់ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ចំនួន ៣,១៤៣នាក់ ក្នុងនោះស្រីជាង ១ពាន់នាក់ នៅខណ្ឌទួលគោក។ ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានចាត់ទុកការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់ រហូតមកដល់បច្ចុប្បន្ន។ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារ និងកសាងប្រទេសជាតិឡើងវិញ បន្ទាប់ពីសម័យសង្គ្រាមដ៏ជូរចត់ ដោយបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងមានប្រសិទ្ធភាព ដើម្បីធានាសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា និងជាគណបក្សដែលបានតស៊ូនយោបាយ តាំងពីសម័យអាណានិគម និយមបារាំង។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំតស៊ូរហូតរំដោះប្រទេស និងប្រជាជនកម្ពុជា ឱ្យចេញពីរបប្រល័យពូជសាសន៍ ប៉ុល ពត និងបានកសាងប្រទេសជាតិតាំងពីបាតដៃទទេនៅឆ្នាំ១៩៧៩។
ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ក៏បានរម្លឹកថា គ្រានោះនៅទីក្រុងភ្នំពេញ មានមនុស្សតែ ៧០នាក់ប៉ុណ្ណោះ។ ទីក្រុងទាំងមូលស្ងាត់ជ្រងំ គ្មានជីវិតមនុស្សរស់នៅ ខណៈហេដ្ឋារចនាសម្ព័ន្ធ ត្រូវរងការបំផ្លិចបំផ្លាញ គ្មានផ្សារ គ្មានលុយ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន។ បន្ទាប់ពីរំដោះទីក្រុងភ្នំពេញ ចេញពីក្រញ៉ាំពួកខ្មែរក្រហម គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងគ្រប់បែបយ៉ាងដោយប្រើបាតដៃទទេរបស់ខ្លួន ដើម្បីស្តារឡើងវិញ គ្រប់វិស័យទាំងអស់នៅកម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងតស៊ូ លះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចេញពីគំនរផេះផង់ដោយសារតែភ្លើងសង្គ្រាម ដែលធ្វើឱ្យបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ។ សមិទ្ធផលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៉ីម, សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន ព្រមទាំងសម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត។
បន្ថែមពីនេះ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានគូសរំលេចយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាថ្នាក់ដឹកនាំដ៏ឆ្នើម និងកំពូល បានពុះពារគ្រប់បែបយ៉ាងដើម្បីដឹកនាំគណបក្ស និងដឹកនាំប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ននេះមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ បន្តវេនពីសម្តេចតេជោ បានដឹកនាំប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ ក្នុងអាណត្តិ ដោយបានបង្ហាញស្នាដៃជាច្រើនសម្រាប់ប្រទេសកម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំកំពូល ឆ្នើមៗ និងសំខាន់ៗ ព្រមទាំងសមាជិករបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ កំពូលតែនៅរែកពន់ អំរែកដ៏ធ្ងន់ធ្ងរ នៃការកសាងជាតិ ការពារជាតិរបស់យើងមកដល់ពេលនេះ»។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានបង្ហាញជំនឿជាក់ថា តាមរយៈការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាថ្មីដែលទើបនឹងប្រកាសបញ្ចូលនាពេលនេះនឹងចូលរួមចំណែករែកពន់ នៃអំរែកដ៏ធ្ងន់នេះជាមួយ ថ្នាក់ដឹកនាំគណបក្ស ដើម្បីធ្វើយ៉ាងណាបន្តអភិវឌ្ឍន៍ ប្រទេសកម្ពុជា មកជូនប្រជាជនកម្ពុជា ទូទាំងប្រទេស៕





















