ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយថា ការបញ្ចូលសមាជិកថ្មី គឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើន និងការគាំទ្រកាន់តែខ្លាំងឡើង ចំពោះគណបក្សប្រជាជនកម្ពុជា


ឯកឧត្តម លន់ សុផាត សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធអគារស្នាក់ការថ្មី និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ជាង ១.១០០នាក់ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ឯកឧត្តម លន់ សុផាត បញ្ជាក់ថា ការប្រកាសបញ្ចូលសមាជិកថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើន និងការគាំទ្រកាន់តែខ្លាំងឡើងចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ តាមរយៈសន្តិភាព ទើបកម្ពុជាមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ។

ឯកឧត្តមប្រធានក្រុមការងារ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាក់ស្ដែងការកសាងនូវអគារទីស្នាក់ការនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំងជាង១.១០០រូប ចំពោះការសម្រេចចិត្តត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានជួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។

ឯកឧត្តម បានធ្វើការផ្សព្វផ្សាយជូនអង្គពិធីអំពីកត្តាចម្បងៗ ដែលជាកត្តាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ រួមមាន៖

ទី១.គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈនិងគ្រប់ស្ថានភាព, ទី២.គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់និងជឿជាក់មកលើគណបក្ស, ទី៣.គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករនិងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់, ទី៤.គណបក្សមានជួរមន្រ្តីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌, ទី៥.គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន និងទី៦.គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើ។

ទន្ទឹមនោះដែរ ឯកឧត្តមបានផ្តល់នូវអនុសាសន៍មួយចំនួនជូនដល់សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថា្នក់ ដោយត្រូវរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ និងត្រូវលក្ខណៈដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខនេះ៕