អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីទួលសុវត្ថិភាព ៥ទីតាំង ក្នុងឃុំទន្លេបិទ ខណៈប្រជាពលរដ្ឋជាង ៥០០គ្រួសារ ត្រូវបានជម្លៀសគេចពីទឹកជំនន់


ដើម្បីឆ្លើយតប និងត្រៀមលក្ខណៈបង្ការគ្រោះមហន្តរាយធម្មជាតិឱ្យបានទាន់ពេលវេលា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីទួលសុវត្ថិភាពចំនួន ៥ទីតាំង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ទីតាំងទីទួលសុវត្ថិភាពទាំង៥ រួមមាន៖ ទួលវត្តសុវណ្ណមាលី (ភូមិយាយស), ទួលឧកញ៉ា អាន ម៉ារឌី (ភូមិទន្លេបិទ), ទួលឧកញ៉ា វ័ន ប៊ុនថៃ (ភូមិទន្លេបិទ), ទួលបេង (ភូមិអំពិលជ្រុំ), គល់ស្ពានទួលខ្សាច់ (ភូមិទួលខ្សាច់)។

ក្នុងសកម្មភាពចុះពិនិត្យផ្ទាល់ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តោះអាសន្ន ដោយផ្តោតសំខាន់លើទីជម្រកសមរម្យ បញ្ហាសុខអនាម័យ ការផ្គត់ផ្គង់ និងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីនេះ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ និងត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះ ២៤ម៉ោង/២៤ម៉ោង ក៏ដូចជាត្រូវយកចិត្តទុកដាក់លើសុខមាលភាព និងការហូបចុករបស់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព។

បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងគ្រោះថ្នាក់ពីសត្វអាសិរពិស និងត្រូវមើលថែទាំកុមារតូចៗឱ្យបានដិតដល់បំផុត ដើម្បីការពារគ្រោះថ្នាក់លង់ទឹកជាយថាហេតុ។

តាមរបាយការណ៍បឋម គ្រោះទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់ស្រុកចំនួន២ គឺ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ (គ្របដណ្តប់លើឃុំចំនួន៧) ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ៥៩៦ គ្រួសារ, ប្រជាពលរដ្ឋត្រូវបានជម្លៀស ៥២៦ គ្រួសារ (មកកាន់ទីទួលសុវត្ថិភាពដោយសុវត្ថិភាព) និងការខូចខាតផ្សេងៗ ប៉ះពាល់លំនៅឋាន និងលិចលង់ផលដំណាំកសិកម្មមួយចំនួនធំ៕