ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានធ្វើបទបង្ហាញលម្អិតអំពីវឌ្ឍនភាពនៃការងារពិនិត្យ និងដោះស្រាយករណីបណ្តឹងខាងលើ ព្រមទាំងផ្ដល់មតិ និងធាតុចូលសំខាន់ៗ ដើម្បីជួយសម្រួលដល់ការពិនិត្យ វាយតម្លៃ និងស្វែងរកដំណោះស្រាយរបស់អង្គប្រជុំ លើករណីបណ្តឹងនេះ។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបានផ្ដល់នូវអនុសាសន៍ណែនាំឱ្យបន្តចុះអង្កេតស្រាវជ្រាវឱ្យបានហ្មត់ចត់ និងពន្លឿននីតិវិធី និងយន្តការដោះស្រាយឱ្យបានឆាប់រហ័ស ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្របតាមស្មារតី «យុទ្ធសាស្ត្រ ព៤ជ៤» របស់ក្រសួង សំដៅធានាយុត្តិធម៌ តម្លាភាព និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋបន្ថែមទៀត លើយន្តការដោះស្រាយបណ្ដឹងរបស់ក្រសួងអធិការកិច្ច។


