វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ផ្តោតលើកាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា បើកជាផ្លូវការ


(ភ្នំពេញ)៖ វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា» ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា បានបើកជាផ្លូវការហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ នៅមណ្ឌលសន្និបាត OCIC (អគារ F) រាជធានីភ្នំពេញ។

ពិធីបើកនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលជាធុរជន វិនិយោគិនបរទេស និងក្នុងស្រុកមកពីរាជធានី-ខេត្តទូទាំងប្រទេស។

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា វេទិកានេះមានគោលបំណងចែករំលែកព័ត៌មានថ្មីៗ ស្តីពីការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចសកល ដែលកំពុងទទួលរងឥទ្ធិពលអវិជ្ជមាននានា ជាពិសេសផលប៉ះពាល់ពីស្ថានភាពភូមិសាស្ត្រនយោបាយលើពិភពលោក។

ឧកញ៉ា លឹម សុជាតិ មានប្រសាសន៍បន្ថែមថា សភាពាណិជ្ជកម្មកម្ពុជានឹងបន្តសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីបង្កើតវេទិកា និងឱកាសធុរកិច្ច ពង្រឹងការតភ្ជាប់ទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញឱកាសនាំចេញ-នាំចូល និងការវិនិយោគរបស់កម្ពុជា។

វេទិកានេះក៏មានបទបាឋកថាស្តីពី «កាលានុវត្តភាពភស្តុភារកម្មកម្ពុជា» ដោយអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។ បទបាឋកថានេះនឹងផ្តោតសំខាន់លើតួនាទី និងសក្តានុពលនៃវិស័យភស្តុភារកម្មក្នុងការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។

លើសពីនេះ ក៏មានកិច្ចពិភាក្សាដ៏មានសារៈសំខាន់ក្រោមប្រធានបទ «ការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននិងភស្តុភារកម្មសម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល» ដែលមានការចូលរួមពីអ្នកជំនាញមកពីវិស័យពាក់ព័ន្ធនានា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អំពាវនាវដល់ធុរជន និងអាជីវករ ដែលកំពុងប្រកបរបររកស៊ីនៅកម្ពុជាទាំងអស់ ចូលរួមឱ្យសកម្មជាមួយសភាពាណិជ្ជកម្ម ដោយសភាពាណិជ្ជកម្មនឹងចូលរួមបញ្ហាត្រូវដោះស្រាយរបស់ធុរជន និងអាជីវករ តាមយន្តការ សភាពាណិជ្ជកម្ម។

វេទិកានេះរំពឹងថានឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ធុរជន និងវិនិយោគិនក្នុងការរៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ ត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនាចុងឆ្នាំ២០២៩ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕