លោកជំទាវ ឃួន ឃុនឌី៖ គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន


លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងយ៉ាងមុតមាំថា «គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន»

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ៤២០នាក់ (ស្រី ២២៣នាក់) ដែលមកពី ៤ភូមិ ក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំ។

លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍ថា ឃុំក្តីដូងគឺជាឃុំមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងតែងតែឈ្នះការបោះឆ្នោតឃុំសង្កាត់ជាបន្តបន្ទាប់។

លោកជំទាវបានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះក្រុមការងារគណបក្សឃុំ ដែលបានខិតខំប្រឹងប្រែងបង្ហាញនូវទំនុកចិត្ត ការអភិវឌ្ឍ និងការរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងមូលដ្ឋានដោយឥតងាករេ។

លោកជំទាវបានបន្តថា ការចូលរួមរបស់យុវជន និងបងប្អូនប្រជាពលរដ្ឋថ្មីនៅថ្ងៃនេះ បានបង្ហាញឲ្យឃើញពីគុណតម្លៃមិនអាចកាត់ថ្លៃបាន និងជាកម្លាំងយ៉ាងរឹងមាំក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយប្រកបដោយភាពសុខដុមរមនា។

លោកជំទាវបានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនតែមួយគត់ដែលបងប្អូនជឿទុកចិត្ត ដោយមិនមានគណបក្សណាអាចប្រៀបផ្ទឹមបានឡើយ ដែលនេះសបញ្ជាក់ឲ្យឃើញពីភាពចាស់ទុំខាងផ្នែកនយោបាយរបស់ថ្នាក់ដឹកនាំគណបក្ស ដែលបានឆ្លងកាត់ការលំបាកគ្រប់កាលៈទេសៈ។

ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកជំទាវបានបញ្ជាក់ថា បងប្អូនទាំងអស់ត្រូវតែទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយដោយសន្តិវិធី ស្របតាមយន្តការ និងច្បាប់អន្តរជាតិ។ ពិធីនេះបានឆ្លុះបញ្ចាំងពីការបន្តរីកចម្រើន និងការគាំទ្រយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ៕