ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យស្ថានភាពតាមខ្នងផ្ទះ នៅភូមិរង់ចាំ


នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យស្ថានភាពរស់នៅតាមខ្នងផ្ទះ នៅភូមិរង់ចាំ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អំឡុងពេលអញ្ជើញពិនិត្យ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរពលរដ្ឋភៀសសឹក ចំពោះការបន្តខិតខំរៀបចំផ្ទះ ការចិញ្ចឹមសត្វ និងការដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីឱ្យមានសោភ័ណភាព ព្រមទាំងសម្រាប់ទទួលទានក្នុងជីវភាពប្រចាំថ្ងៃ និងលក់ដូរថែមទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ទាំងអស់នេះ ស្តែងឱ្យឃើញពីទំហំនៃក្តីសង្ឃឹម និងស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូប ដែលកំពុងកសាងជីវភាពទៅតាមលទ្ធភាពរបស់ខ្លួន ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលបន្ថែម ដូចជា ថវិកាឧបត្ថម្ភប្រចាំខែ ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនីដោយឥតបង់ប្រាក់ ក៏ដូចជាការលើកស្ទួយផ្នែកកសិកម្មជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តត្រួតពិនិត្យតាមខ្នងផ្ទះ ក្នុងគោលបំណង ដើម្បីទទួលសំណូមពរ និងសំណើពីប្រជាពលរដ្ឋភៀសសឹក ដែលមានបញ្ហាប្រឈមណាមួយ ជួយសម្របសម្រួលជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានដោះស្រាយជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានសង្កេតឃើញ ប្រជាពលរដ្ឋទូទៅធ្វើដំណើរមកពីបណ្តាខេត្តផ្សេងៗទៅកាន់ភូមិរង់ចាំ នេះសបញ្ជាក់ពីការលើកទឹកចិត្តដ៏សំខាន់មួយផ្នែក ក្នុងនាមខ្មែរតែមួយ ដែលជាពេលវេលារួមគ្នា និងជួយគ្នាទៅវិញទៅមកតាមតែអាចធ្វើទៅបាន៕