ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ នឹងដឹកនាំគណៈប្រតិភូអាកាសចរណ៍ស៊ីវិលកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានទទួលសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយក អាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ដែនអាកាសឆ្លាតវៃ៖ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន សម្រាប់អាកាសចរណ៍ ប្រកបដោយសុវត្ថិភាព, សន្តិសុខ, ចីរភាព, និងប្រសិទ្ធភាព» ដោយផ្តោតលើការពិភាក្សាអំពីនិន្នាការថ្មីៗ, បច្ចេកវិទ្យាទំនើប និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ក្នុងតំបន់។

ការចូលរួមរបស់គណៈប្រតិភូកម្ពុជា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ក្នុងតំបន់ និងជំរុញការអនុវត្តស្តង់ដា និងអនុសាសន៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

ជាមួយគ្នានេះ កម្ពុជានឹងបន្តលើកកម្ពស់សុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ជំរុញបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យអាកាសចរណ៍ប្រកបដោយចីរភាព។

កិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) គឺជា វេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញអាកាសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់។

វេទិកានេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនង, ភាពជាដៃគូជាមួយ ICAO, និងសហគមន៍អាកាសចរណ៍អន្តរជាតិ ព្រមទាំងបើកចំហកាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាស, កសាងសមត្ថភាពធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធអាកាសចរណ៍កម្ពុជា៕