ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីក្រុងពាលី “សាងសង់អគារមណ្ឌលសុខភាពនាងទើត” នៅស្រុកតំបែរ


(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារមណ្ឌលសុខភាពនាងទើត (មួយខ្នង) ស្ថិតនៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូក្រសួង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ពិធីក្រុងពាលីនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ មុនពេលចាប់ផ្តើមការដ្ឋានសាងសង់ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី និងសុវត្ថិភាព ឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណចំពោះ អង្គការភូមិសន្តិភាពអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ដែលបានចូលរួមសាងសង់អគារមណ្ឌលសុខភាពនាងទើត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា មណ្ឌលសុខភាពនេះនឹងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់សេវាសុខាភិបាល និងជួយឱ្យប្រជាពលរដ្ឋក្នុងឃុំនាងទើត និងតំបន់ជុំវិញ អាចទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកាន់តែងាយស្រួល មានគុណភាព និងប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការលើកកម្ពស់វិស័យសុខាភិបាលនៅមូលដ្ឋាន គឺជាផ្នែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ត្រូវភ្ជាប់ជាមួយការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងតំបន់ដែលនៅឆ្ងាយពីមន្ទីរពេទ្យ។
ជាមួយគ្នានេះ ឯកឧត្តម ចាយ បូរិន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាបានថា ការសាងសង់អគារមណ្ឌលសុខភាពនាងទើត ប្រព្រឹត្តទៅតាមបទដ្ឋានបច្ចេកទេស មានគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ព្រមទាំងជំរុញឱ្យមណ្ឌលសុខភាពនេះក្លាយជាទីកន្លែងផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាល និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងសាមគ្គីភាពជាតិ ជាពិសេសក្នុងបញ្ហាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយរក្សាភាពស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ និងទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាលតាមផ្លូវសន្តិវិធី និងច្បាប់អន្តរជាតិ៕