គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិចំនួន ៤ ទៅកាន់គណៈកម្មការជំនាញដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។

សេចក្តីព្រាងច្បាប់ទាំង ៤ នោះរួមមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៖ ត្រូវបានប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិនិត្យ សិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ មុនដាក់ឆ្លងសម័យប្រជុំពេញអង្គរដ្ឋសភា។

២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូ ស្តីពីវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៖ ប្រគល់ជូនគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌។

៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់លេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)៖ ប្រគល់ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។

៤. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមកិច្ចព្រមព្រៀងស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី៖ ប្រគល់ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយគណៈកម្មការ នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។

ក្រៅពីការបញ្ជូនសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានអនុម័តគម្រោងចំណាយថវិការបស់រដ្ឋសភាឆ្នាំ២០២៧ ហើយបញ្ជូនទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីដាក់បញ្ចូលក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈផងដែរ៕