ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង ៣៦នាក់


នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ទទួលបាននិទ្ទេស A ចំនួន៣៦នាក់។

ពិធីនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមទាំងប្រធានក្រុមបក្សសង្កាត់ព្រៃញី និងសង្កាត់បន្ទាយដីយ៉ាងច្រើនកុះករ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ពីដំណើរការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦កន្លងទៅថា ការប្រឡងបានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅតាមមណ្ឌលប្រឡងទាំង៦ (ស្មើនឹង១៤៧បន្ទប់) ទូទាំងខេត្ត។

ជាលទ្ធផលខេត្តពោធិ៍សាត់ទទួលបានផ្លែផ្កាគួរឱ្យមោទនៈ ដោយមានបេក្ខជនប្រឡងជាប់សរុប ៣,១៨៩នាក់ (ស្រី១,៩៦៨នាក់) ស្មើនឹង ៨៧.៤៤% (ក្នុងនោះបេក្ខជននារីប្រឡងជាប់រហូតដល់ ៩១.៥៣%) ដែលជាអត្រាខ្ពស់ជាងមធ្យមភាគជាប់ថ្នាក់ជាតិ (៨៤.០៦%) ចំនួន៣.៣៨%។ ក្នុងនោះ កម្រិតនិទ្ទេសដែលទទួលបានរួមមាន៖

*និទ្ទេស A៖ ចំនួន៣៦នាក់ (ស្រី១៩នាក់)

*និទ្ទេស B៖ ចំនួន១៨៩នាក់ (ស្រី១១៤នាក់)

*និទ្ទេស C៖ ចំនួន៥៥១នាក់ (ស្រី៣៨១នាក់)

*និទ្ទេស D៖ ចំនួន ១,១៩៨នាក់ (ស្រី៧៦៦នាក់)

*និទ្ទេស E៖ ចំនួន១,២១៥នាក់ (ស្រី៦៨៨នាក់)

សម្រាប់វិទ្យាល័យដែលលេចធ្លោជាងគេ ដែលមិនមានសិស្សប្រឡងធ្លាក់ គឺវិទ្យាល័យក្រពើពីរ ក្នុងស្រុកវាលវែង។

មានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម កែវ រតនៈ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលទាំងអស់ ដែលបានជ្រោមជ្រែងកូនចៅ រហូតទទួលបានលទ្ធផលគំរូនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការការពារជាតិ និងសមរភូមិសេដ្ឋកិច្ច គឺជាកិច្ចការចម្បង ខណៈដែលរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងសន្តិភាព ដើម្បីជំរុញ «សមរភូមិសេដ្ឋកិច្ច» ទាក់ទាញវិនិយោគិន និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា៖ ផ្លូវ ទឹក ភ្លើង កំពង់ផែ និងអាកាសយានដ្ឋាន។ លោកបានបន្តថា សន្តិភាពគឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ប្រសិនបើតំបន់មួយមានសង្គ្រាម ការអភិវឌ្ឍនឹងត្រូវពន្យារពេលរាប់ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងក្រុមការងារចុះជួយមូលដ្ឋាន តែងតែចាត់ទុក ការយកចិត្តទុកដាក់ លើកូនចៅប្រជាជន ជាអាទិភាពខ្ពស់បំផុត ដោយចង់បានធនធានមនុស្សដែលមានការអប់រំខ្ពស់ មានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីត្រឡប់មកជួយអភិវឌ្ឍមូលដ្ឋានខេត្ត ឱ្យកាន់តែរីកចម្រើនឡើង។

យើងទាំងអស់គ្នា ពិតជាបានដឹងហើយថា ខេត្តពោធិ៍សាត់ដែលពីមុនធ្លាប់តែជា «ខេត្តគេទៅផុតមកផុត» ឥឡូវនេះកំពុងត្រូវបានខិតខំសម្របសម្រួល និងទាក់ទាញអ្នកវិនិយោគិន មកបណ្តាក់ទុនជាបន្តបន្ទាប់ ដើម្បីឱ្យសេដ្ឋកិច្ចខេត្ត បានរួមដំណើរឈានឡើង ស្មើមុខស្មើមាត់ ជាមួយសេដ្ឋកិច្ចជាតិ ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ត្រូវរួមកម្លាំងគ្នា សហការគ្នា និងខិតខំប្រឹងប្រែងទាំងអស់គ្នា។

ឯកឧត្តមបានផ្តាំផ្ញើឱ្យកូនចៅប្រជាពលរដ្ឋទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមបោះឆ្នោត ឱ្យទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ដើម្បីប្តូរយកសមិទ្ធផល មកអភិវឌ្ឍន៍មូលដ្ឋានជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្ត្រី បានដាស់តឿនដល់ប្រជាពលរដ្ឋ ឱ្យចូលរួមដាំដើមឈើឱ្យបានច្រើនតាមខ្នងផ្ទះ និងទីសាធារណៈ និងរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាល ព្រមទាំងបានបញ្ជាក់ពីផែនការរៀបចំសួនច្បារ នៅទីតាំងដែលបានរំដោះបងប្អូនប្រជាពលរដ្ឋចេញ ពីការរស់នៅមិនរៀបរយតាមច្រាំងស្ទឹង ទាំងត្រើយខាងកើត និងខាងលិចស្ទឹងផងដែរ។

នាឱកាសនោះឯកឧត្តម កែវ រតនៈ បានប្រគល់ជូនដល់សិស្សទទួលបាននិទ្ទេស A ក្នុងខេត្តទាំង ៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១,០០០ដុល្លារ និងបណ្ណសរសើរមួយ ដើម្បីជាការលើកទឹកចិត្ត និងជាដើមទុន សម្រាប់ការបន្តការសិក្សានៅថ្នាក់ឧត្តម៕