លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអះអាងយ៉ាងមុតមាំថា គ្មានគណបក្សនយោបាយណាមួយអាចមកជំនួសតួនាទីរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកជំទាវបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំមកនូវការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងនយោបាយ។
លោកជំទាវបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ច ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ។ ជាក់ស្តែង ក្នុងថ្ងៃនេះ អាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមការងារចុះមូលដ្ឋានឃុំជ័យ បានសហការគ្នាចុះផ្តល់អំណោយជាស្បៀងអាហារ និងថវិកា ជូនដល់ប្រជាពលរដ្ឋចំនួន ១០៤គ្រួសារ មកពី៦ភូមិ ក្នុងឃុំជ័យ ដើម្បីដោះស្រាយការលំបាកមួយរយៈពេល។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលនយោបាយ «គណបក្សប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន»។
ជាចុងក្រោយលោកជំទាវ ឃួន ឃុនឌី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមសុខ រួមទុក្ខ ក្រោមដំបូលសន្តិភាព និងបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខ៕













