នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់អញ្ជើញសំណេះសំណាលជាមួយមន្ត្រីគណបក្សគ្រប់ថ្នាក់នៅភូមិតេជោសន្តិភាព (ការ៉េ២)។
ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ជូនពរជ័យ កោតសរសើរ អរគុណពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរឯកឧត្តម កែ គឹមយ៉ាន ថ្លែងបន្តថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំសម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកផលប្រយោជន៍ជាតិនិងប្រជាជនជាធំដោយគ្រប់កាលៈទេសៈលំបាកមិនទុកប្រជាពលរដ្ឋចោល ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ បណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋសំដៅឆ្លើយតបនឹងតម្រូវការ ទីផ្សារការងារលើកស្ទួយបាននូវជីវភាពសមរម្យ។
ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សឯកឧត្តម កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនិងមន្ត្រីគណបក្សទាំងអស់ដែលសម្រេចបាននូវសមិទ្ធផលជូនគណបក្សនិងប្រទេសជាតិ ហើយសូមបន្តចូលរួមអនុវត្តនូវរាល់ទិសដៅដើម្បីបន្តរក្សាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍមូលដ្ឋាន រួមសុខទុក្ខសមាជិកនិងប្រជាពលរដ្ឋដល់ខ្នងផ្ទះ សម្របសម្រួលបំផុសឱ្យប្រជាពលរដ្ឋទៅ ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងអំឡុងខែតុលាខាងមុខ ឱ្យបានគ្រប់គ្នា។
ក្នុងថ្ងៃដដែលនោះក្រោយពិធីសំណេះសំណាលចប់ឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារបានចុះទៅសួរសុខទុក្ខលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាតេជោសន្តិភាព និងបានចែកអំណោយរួមមានសម្ភារសិក្សា ដល់សិស្សានុសិស្សជាដើម៕
































