សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពរស់នៅ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាន និងកំពុងស្នាក់នៅទីនោះ។
ពិធីជួបសំណេះសំណាលតាមខ្នងផ្ទះនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវសិរីករុណាបុទុមរតន៍ អគ្គមហាឧបាសិកាបណ្ឌិត ម៉ៅ មាល័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ដំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការជុំវិញខេត្ត យ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរំភើប និងការកោតសរសើរ ចំពោះស្មារតីតស៊ូរបស់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបានខិតខំរៀបចំផ្ទះសម្បែង ឱ្យមានរបៀបរៀបរយ និងដាំដុះដំណាំផ្សេងៗជុំវិញខ្នងផ្ទះ បង្កើនបានជារៀបចំសោភ័ណភាពយ៉ាងស្រស់ស្អាត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់រដ្ឋបាលខេត្ត។ បន្ថែមពីនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានប្រកបមុខរបរលក់ដូរតូចតាចតាមខ្នងផ្ទះ ដើម្បីបង្កើតប្រភពចំណូល និងទ្រទ្រង់ជីវភាពគ្រួសារ ក្នុងគ្រាលំបាកនេះផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋភៀសសឹក មានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រោះថា រាជរដ្ឋាភិបាលតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ច និងខិតខំបន្តដោះស្រាយរាល់ការលំបាក និងតម្រូវការចាំបាច់នានា ជូនបងប្អូនឱ្យបានទាន់ពេលវេលា៕



























