អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចុះពិនិត្យតាមដាន និងជំរុញខ្សែច្រវាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ នៅខេត្តព្រៃវែង


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធិភាព និងនិរន្តភាព។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវ៖ ១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និង ៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។

ជាងនេះទៅទៀត ការចុះពិនិត្យនេះ ក៏បានផ្តល់ជាមូលដ្ឋានសម្រាប់ការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការ និងស្ថានភាពប្រតិបត្តិការរបស់សហគ្រាសក្នុងខ្សែសង្វាក់កសិកម្ម ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយកសិករ និងទីផ្សារកសិផលរបស់កម្ពុជានៅលើទីផ្សារពិភពលោក។

ក្រៅពីការចុះពិនិត្យតាមដានរោងម៉ាស៊ីននិកស្រូវអង្ករ គណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្តម កៅ ថាច ក៏បានបន្តចុះស្វែងយល់ពីសកម្មភាពកសិដ្ឋាន និងថ្នាលបណ្តុះកូនឈើ (ដើមអាកាស្យា) នៅក្នុងផ្ទះសំណាញ់ និងការកែច្នៃឈើ របស់ក្រុមហ៊ុន កំពង់ចាម វូដ ឯ.ក ស្ថិតនៅ ភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម ដែលជាផ្នែកមួយនៃសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិ។

ក្នុងឱកាសនោះតំណាងក្រុមហ៊ុន បានជំរាបជូនគណៈប្រតិភូថា បច្ចុប្បន្នក្រុមហ៊ុនបានបណ្តុះកូនឈើ ១៥០០ ដើមក្នុងដំណាក់កាសសាកល្បងដំបូងនៅលើផ្ទៃដី៨ ហិកតា៕