ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញរដ្ឋបាលឃុំ សង្កាត់ ពង្រឹងយន្តការដោះស្រាយសំណើ និងវិវាទប្រជាពលរដ្ឋដោយតម្លាភាព អព្យាក្រឹត្យ​ស្រប​តាមច្បាប់


(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ​ដល់មន្រ្តីរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ​ពង្រឹងយន្តការក្នុងការដោះស្រាយសំណើ សំណូមពរ និងវិវាទរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព អព្យាក្រឹត្យ និងស្របតាមច្បាប់ជាធរមាន ដើម្បីពង្រឹងការដោះស្រាយវិវាទ និងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បានណែនាំជាពិសេសលើការយកចិត្តទុកដាក់ចំពោះវិវាទដីធ្លីនៅក្នុងសហគមន៍ និងបញ្ហាផ្សេងៗដែលបង្កឱ្យមានជម្លោះក្នុងសង្គម ដោយផ្ដោតលើការសម្រុះសម្រួល និងការដោះស្រាយដោយសន្តិវិធី មុននឹងបញ្ហារីករាលដាលកាន់តែធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរចំពោះ​អភិបាលរាជធានី ខេត្តទាំងអស់ ដែលបានដោះស្រាយសំណុំរឿងរាប់ម៉ឺនឯកសារក្នុងមួយឆ្នាំៗ ដែលបានបង្ការមិនឱ្យប្រជាពលរដ្ឋចំណាយច្រើនក្នុងការដើរហើរ ឬឆ្លើយតបទៅនឹងតម្រូវការប្រព័ន្ធច្បាប់មួយចំនួន។

​បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា​ បានបញ្ជាក់ពីសារៈសំខាន់នៃការផ្ទេរសិទ្ធិអំណាចទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យពួកគាត់អាចធ្វើការសម្រេចចិត្តបាន។ ឯកឧត្តមក៏បានជំរុញឱ្យអភិបាលខេត្តទាំងអស់ដើរតួជាភ្នែក ជាច្រមុះ ក្នុងការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ ជាពិសេសថ្នាក់ស្រុកទាំងអស់។ ក្នុងករណីមានតម្រូវការចាំបាច់នានាដែលមិនអាចឆ្លើយតបបាន ឯកឧត្តមបានស្នើឱ្យមានការធ្វើជាលាយលក្ខណ៍អក្សរដើម្បីជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការជាបន្ទាន់៕