ភ្នំពេញ៖ សាកលវិទ្យាល័យជាតិឆុនប៊ុក (Jeonbuk National University) នៃសាធារណរដ្ឋកូរ៉េ បានសម្តែងបំណងប្រាថ្នាចង់ឃើញនិស្សិតកម្ពុជាកាន់តែច្រើនបន្តការសិក្សាលើជំនាញឯកទេសសំខាន់ៗ ដូចជា ផលិតផលពាក់កណ្តាលសម្រេចសឺមីកុងឌុចទ័រ (Semi-conductor) បញ្ញាសិប្បនិម្មិតរូបវន្ត (Physical AI) និងកសិកម្ម ដែលជាជំនាញកំពុងមានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងបច្ចុប្បន្ន និងអនាគត។
បំណងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និង លោកបណ្ឌិត O-Bong Yang សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិឆុនប៊ុក កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅឯសាកលវិទ្យាល័យផ្ទាល់ ក្នុងខេត្តឆុនប៊ុក។
គួររំលឹកផងដែរថា សាកលវិទ្យាល័យជាតិឆុនប៊ុក គឺជាសាកលវិទ្យាល័យជាប់លំដាប់ថ្នាក់ទី៣ ក្នុងចំណោមសាកលវិទ្យាល័យជាតិរបស់កូរ៉េ និងជាគ្រឹះស្ថានអប់រំដែលមាននិស្សិតកម្ពុជាបន្តការសិក្សាច្រើនជាងគេបង្អស់ក្នុងប្រទេសកូរ៉េ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខប្អូនៗនិស្សិតកម្ពុជាប្រមាណ ៧០នាក់ ដែលកំពុងសិក្សាទីនោះ ដោយបានលើកទឹកចិត្តឱ្យពួកគេខិតខំរៀនសូត្រទាំងភាសាកូរ៉េ និងជំនាញឯកទេស ព្រមទាំងត្រៀមខ្លួនជ្រើសរើសយកមុខវិជ្ជា Semi-conductor និង Physical AI យកមកអភិវឌ្ឍសមត្ថភាព ដើម្បីចូលរួមចំណែកកសាងប្រទេសជាតិវិញនាពេលអនាគត៕




