ប្រធាន ស.ស.យ.ក ឯកឧត្តម ហ៊ុន ម៉ានី ផ្តាំយុវជនឱ្យបង្ហាញភាពវិជ្ជមានរបស់កម្ពុជាឱ្យបានច្រើននៅវេទិកាអន្តរជាតិ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានផ្តាំផ្ញើដល់ប្រតិភូយុវជនកម្ពុជាចំនួន១២រូប ដែលនឹងចូលរួមមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ នៅប្រទេសរុស្ស៊ី ឱ្យរក្សាសាមគ្គីភាព សិក្សាពីប្រវត្តិសាស្ត្ររបស់កម្ពុជាឱ្យបានច្បាស់ ប្រកាន់ខ្ជាប់ការទូតទន់ភ្លន់ និងចេះបង្ហាញពីភាពវិជ្ជមានរបស់កម្ពុជាឱ្យបានច្រើនទៅកាន់មិត្តអន្តរជាតិ។

ក្នុងជំនួបជាមួយប្រតិភូយុវជន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាប្រវត្តិសាស្ត្រ គឺជាមេរៀនសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីយល់ពីតម្លៃនៃសន្តិភាព និងការរីកចម្រើនដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។

ឯកឧត្តមបានផ្តាំឱ្យប្រតិភូទាំងអស់ស្វែងយល់ និងសង្កេតពីរបៀបនៃការរៀបចំមហោស្រពយុវជនកម្រិតពិភពលោក ព្រមទាំងសិក្សាឱ្យស៊ីជម្រៅគ្រប់ជ្រុងពីគោលបំណង និងយន្តការផ្សព្វផ្សាយរបស់មហាស្រពនេះ ដោយគិតបកត្រឡប់មកវិញថា តើកម្ពុជាអាចមានលទ្ធភាពរៀបចំមហាស្រពនេះបានដែរទេ ហើយត្រូវត្រៀមលក្ខណៈក្នុងផ្តល់ធាតុចូលសម្រាប់រៀបចំកម្មវិធីយុវជនកម្រិតអន្តរជាតិនាថ្ងៃអនាគត។

ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រតិភូយុវជនត្រូវចូលរួមផ្លាស់ប្តូរចំណេះដឹង និងបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសនានា ព្រមទាំងប្រើប្រាស់ឱកាសនេះជាវេទិកាសម្រាប់រៀនសូត្រ ពង្រីកបណ្តាញទំនាក់ទំនង ព្រមទាំងបង្ហាញពីអត្តសញ្ញាណ សមត្ថភាព និងសក្តានុពលរបស់យុវជនកម្ពុជាជូនសហគមន៍អន្តរជាតិ។

មហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ (IFY-2026) នឹងប្រមូលផ្តុំយុវជនចំនួន ១០ ០០០ រូប មកពីជាង ១៩០ ប្រទេស នៅទីក្រុងយេកាតឺរីនប៊ួក (Yekaterinburg) ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែកញ្ញា។

ស្វែងយល់លម្អិតពីមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦៖ https://fna.asia/dd25a72