យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ


នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងពីរលើកកាលពីឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ ដែលស្មើនឹងទិសដៅបាញ់ចំនួន ៥០១ ក្នុងនោះមានគ្រាប់មិនទាន់ផ្ទុះ៩៧៧គ្រាប់ និងដ្រូនចំនួន៤។

តួលេខទាំងនេះត្រូវបានបង្ហាញដោយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ហេង រតនា បានឱ្យដឹងថា បន្ទាប់ពីសង្គ្រាមឈ្លានពានមកលើកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃ ចំនួនពីរលើកមន្ត្រីជំនាញរបស់ CMAC បានរកឃើញរណ្តៅផ្ទុះចំនួន ១៦.០០០ ដែលប៉ះពាល់ដល់ផ្ទៃដីទំហំ ៣.០០០គីឡូម៉ែត្រការ៉េ។

អគ្គនាយកស៉ីម៉ាក់កម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ CMAC បានដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនប្រហែល ១០.០០០គ្រាប់ ដែលគ្របដណ្តប់លើផ្ទៃដីជាង ១០០គីឡូម៉ែត្រការ៉េ។

បន្ថែមពីនេះឯកឧត្តម ហេង រតនា បានបន្តថា គ្រាប់បែកចង្កោមដែលយោធាថៃ ប្រេីប្រាស់ប្រភេទ M42, M46 និង M85 ផលិតនៅប្រទសអុីស្រាអ៊ែល ហេីយគ្រាប់បែកចង្កោមនេះ ស្ថិតក្រោមការហាមឃាត់ប្រេីប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។

មេស៉ីម៉ាក់កម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងសង្គ្រាមក្នុងឆ្នាំ២០២៥ ទាហានថៃ បានប្រេីប្រាស់គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លេីងធំប្រភេទ១៥៥មីលីម ៉ែត្រ មានចំនួនប្រមាណ១២.០០០ ទៅ១៣.០០០០គ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចង្កោមចំនួនប្រមាណ៦-៧ លានគ្រាប់ និងបង្កផលប៉ះពាល់លេីភូមិចំនួន៣៣៥ ភូមិ នៃ៦០ឃុំ ស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩០.០០០ហិកតា។ សូមបញ្ជាក់ថា ភូមិចំនួន១៤ និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនមិនទាន់ការសិក្សាស្រាវជ្រាវនៅឡេីយទេ ដោយមូលហេតុបញ្ហាសន្តិសុខ។

ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ មានយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង។

បើតាមលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា ទាំងពីរលើកកាលពីឆ្នាំ២០២៥ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃរបស់កម្ពុជា។

លោក គង់ ពុទ្ធិការ បានបញ្ជាក់ថា ប្រាសាទព្រះវិហារ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន ៥៦២ទីតាំង ស្មើនឹងប្រមាណ ៧ម៉ឺនបំណែកថ្ម ដោយសារការបាញ់ផ្លោងដោយសព្វាវុធធុនធ្ងន់, គ្រាប់បែកទម្លាក់ពីយន្តហោះពីសំណាក់យោធាថៃ។

លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការខូចខាតសរុបចំនួន៥៦២ទីតាំង ស្មើនឹង ៧ម៉ឺនបំណែកថ្ម បានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម គោបុរៈ ក្បាច់ចម្លាក់ សសរថ្ម ជញ្ជាំង គោបុរៈ ទីសក្ការៈ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា ការងារអភិរក្សមួយចំនួនដែលជិតបញ្ចប់ទៅហើយ ត្រូវបានបំផ្លាញមិនត្រឹមតែឱ្យត្រឡប់ទៅរកស្ថានភាពមុនពេលជួសជុលទេ ប៉ុន្តែបានធ្វើឱ្យផ្នែកខ្លះខូចខាតធ្ងន់ធ្ងរជាងផលប៉ះពាល់ពីកត្តាធម្មជាតិ។

លោក គង់ ពុទ្ធិការ បានអះអាងថា ការបាញ់ផ្លោងភាគច្រើនបានប៉ះចំផ្នែកបេតិកភណ្ឌដោយផ្ទាល់។ ផ្នែកមួយចំនួនបានរងការខូចខាតច្រើនលើកនៅក្នុងការប្រយុទ្ធកាលពីខែកក្កដា និងខែធ្នូ៕