អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល៩ខែ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបទៀត។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបូកសរុប និងវាយតម្លៃលើលទ្ធផលការងារ ព្រមទាំងសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបំបែកក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ព្រមទាំងពង្រឹងកិច្ចសហការ និងការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍រវាងអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងផ្នែកពាក់ព័ន្ធ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះល្បិចកលថ្មីៗ របស់ជនខិលខូច។
សូមបញ្ជាក់ថា កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងកំណត់ទិសដៅការងារសំខាន់ៗ ដើម្បីបង្ការ បង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធានាសន្តិសុខ សុវត្ថិភាព និងរក្សាបាននូវរបៀបរៀបរយជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម៕






