ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ក្រោមប្រធានបទ: «ជំនាញ និងការងារ: ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិធីនេះដែរ ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និយោជក តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ ស្ថាប័នអប់រំ និងបណ្ដុះបណ្ដាល ព្រមទាំងយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារជាច្រើន។
នាឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំវេទិកាជំនួបដ៏ធំនេះឡើង ដោយមានកិច្ចសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារពិភពលោក និងវិស័យឯកជននានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់និយោជក ភ្នាក់ងារជ្រើសរើសបុគ្គលិក និងស្ថាប័នអប់រំបណ្ដុះបណ្ដាលមានឱកាសបង្ហាញវត្តមាន និងជួបដោយផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារ យុវជន សិស្ស និស្សិត ដើម្បីឲ្យពួកគេសាកសួរ និងទទួលព័ត៌មានពីឱកាសការងារ និងការបណ្ដុះបណ្ដាល ព្រមទាំងប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា វេទិកានេះនឹងរួមចំណែកបង្កើនការយល់ដឹងអំពីការលើកកម្ពស់ផលិតភាពការងារ ព្រមទាំងជួយពង្រឹងបណ្តាញទំនាក់ទំនងរវាងភាគីពាក់ព័ន្ធ តាមរយៈការចូលរួមទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏សូមសម្ដែងការកោតសរសើរចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តភារកិច្ចប្រកបដោយភាពបុរេសកម្មនិងប្ដេជ្ញាចិត្តខ្ពស់ក្រោមការតម្រង់ទិសរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ក្នុងស្មារតីខ្មែរជួយរកការងារឲ្យខ្មែរតាមរយៈប្រព័ន្ធស្វែងរកការងារបន្ទាន់តាមលេខទូរសព្ទ ១២៩៧ និងវេទិកាការងារនៅតាមមូលដ្ឋានប្រមាណជាង ៧៩៦។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ ២០២៦ ទីផ្សារការងាររំពឹងថានឹងបន្តបង្ហាញពីភាពធន់តាមរយៈការរក្សាបាននូវស្ថិរភាព និងកំណើនវិជ្ជមាននៃចំនួនការងារ ដែលក្នុងនោះអ្នកមានការងារធ្វើនឹងកើនឡើងដល់ ៣០ ម៉ឺននាក់ ឬស្មើនឹងអត្រាកំណើន ៣% ធៀបនឹងឆ្នាំ ២០២៥។ ក្រៅពីវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប វិស័យដែលនឹងស្រូបយកកម្លាំងពលកម្មច្រើនជាងគេបន្ទាប់ក្នុងឆ្នាំ ២០២៦ នេះ គឺវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលជាវិស័យដែលមានផលិតភាពការងារនិងតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ត្រូវបានរាជរដ្ឋាភិបាលរៀបចំតាំងពីឆ្នាំ ២០១១ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើតជាអន្តរាគមន៍ទីផ្សារការងារ ពង្រឹងទំនាក់ទំនង និងផ្លាស់ប្ដូរព័ត៌មានទីផ្សារការងារកាន់តែល្អ រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និយោជក ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រឹះស្ថានឧត្តមសិក្សា ជាមួយនឹងអ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន ព្រមទាំងបង្កើននូវការយល់ដឹងស្ដីពីការបង្កើនផលិតភាពការងារ បន្ថែមពីលើការផ្ដល់ប្រឹក្សាយោបល់ និងតម្រង់ទិសជាប្រចាំ ដែលបានផ្ដល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី ជាក់ស្ដែង ក្នុងរយៈពេល ១៥ លើក ចាប់ពីឆ្នាំ ២០១១ មកដល់ពេលនេះ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមទស្សនាសរុបជាង ៤៨ ម៉ឺននាក់ ក្រុមហ៊ុនដែលបានចូលរួមនៅក្នុងពិធីមានចំនួនរហូតដល់ទៅ ១៣៨៥ ស្មើនឹង ១៨៦៤ ស្តង់ ទទួលបានប្រវត្តិរូបអ្នកស្វែងរកការងារធ្វើចំនួន ២៣ ម៉ឺននាក់ ឱកាសការងារចំនួន ២៤ ម៉ឺនកន្លែង និងចំនួនអ្នកដែលទទួលបានការងារធ្វើជាង ១ ម៉ឺននាក់ភ្លាមៗ។
សូមជម្រាបដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ គឺជាវេទិកាសំខាន់មួយសម្រាប់ភ្ជាប់អ្នកស្វែងរកការងារ សិស្ស-និស្សិត និងយុវជន ជាមួយនិយោជក និងសហគ្រាស ព្រមទាំងផ្សព្វផ្សាយអំពីឱកាសការងារ ជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពការងារនៅកម្ពុជា៕















