យុវជនគណបក្សត្រូវតែសកម្ម និងប៉ិនប្រសប់ក្នុងការចលនាយុវជន ឱ្យស្រឡាញ់ ស្មោះស្ម័គ្រ គាំទ្រ និងហ៊ានលះបង់គ្រប់យ៉ាង ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា


ទីស្នាក់ការគណបក្សស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី            អដ្ឋស័ក ពុទ្ធសគរាជ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋទទួលបន្ទុកយុវជន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី                          «ផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ដល់ក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សស្រុកបសេដ្ឋ និងគណបក្សឃុំទាំង១៥។

អញ្ជើញចូលរួមកិច្ចប្រជុំរួមមាន លោក សំអឿន សុបញ្ញា ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានយុវជនគណបក្សស្រុកបសេដ្ឋ លោក ងួន សុផាត អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាអនុប្រធានប្រចាំការយុវជនគណបក្សស្រុកបសេដ្ឋ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុកបសេដ្ឋ  និងប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សឃុំទាំង១៥ សរុបចំនួន៨៧នាក់។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា «យុវជនបក្ស​ជាកម្លាំងឈ្នះរបស់គណបក្សនៅគ្រប់ការបោះឆ្នោត»។ ក្នុងន័យនេះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដាក់ចេញនូវផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលក្នុងរួមមានផែនការសកម្មភាពរបស់យុវជនគណបក្សថ្នាក់កណ្តាល យុវជនគណបក្សក្រសួង ស្ថាប័ន យុវជនគណបក្សរាជធានី ខេត្ត និងយុវជនគណបក្សក្រៅប្រទេស ដោយគោរពគោលការណ៍យុវជនគណបក្សថ្នាក់ណា ត្រូវស្ថិតនៅក្រោមគណៈកម្មាធិការគណបក្សថ្នាក់នោះ។

ផែនការសកម្មភាពបានចែកជាបួនដំណាក់កាលរួមមាន៖

·       ដំណាក់កាលទី១៖ ការងារជាអាទិភាពពីថ្ងៃនេះ រហូតដល់ថ្ងៃចាប់ផ្តើមការឃោសនាបោះឆ្នោត

·       ដំណាក់កាលទី២៖ ការងារជាអាទិភាពក្នុងថ្ងៃឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៧)

·       ដំណាក់កាលទី៣៖ ការងារជាអាទិភាពក្នុងថ្ងៃស និងថ្ងៃបោះឆ្នោត (ថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧)

·       ដំណាក់កាលទី៤៖ ការងារអាទិភាពក្រោយថ្ងៃបោះឆ្នោត។​

ឯកឧត្តមបណ្ឌិតបានរំលឹកថា យុវជនគណបក្សត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើយុទ្ធសាស្ត្រ «ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស និងផ្អែកលើបរិមាណ និងគុណភាពរបស់សមាជិកគណបក្សដើម្បីឈ្នះឆ្នោត» និងយុទ្ធសាស្ត្រ «សមាជិកគណបក្សមួយរូប គឺជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»។

ស្របតាមអភិក្រម «យុវជនបក្សម្នាក់ ជាឃោសនិកសកម្មម្នាក់» យុវជនគណបក្សមិនត្រឹមតែជាអ្នកបោះឆ្នោតគាំទ្រគណបក្សមួយរូបប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មជនដ៏ប៉ិនប្រសប់ក្នុងការបំផុសចលនាកៀរគរ និងស្រូបទាញសំឡេងឆ្នោតពីអ្នកបោះឆ្នោតដទៃទៀតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់គណបក្ស និងរាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការការពារបូរណភាពទឹកដី។ បន្ថែមលើនេះ យុវជនគណបក្សត្រូវរួមគ្នាក្នុងការវាយបក និងកម្ចាត់រាល់ព័ត៌មានក្លែងក្លាយ ដែលមានបំណងបំពុលសង្គមជាតិ និងប៉ះពាល់ដល់ការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល។

យុវជនគណបក្សត្រូវយល់ដឹងឱ្យបានច្បាស់លាស់អំពីប្រវត្តិសាស្ត្រ បុព្វហេតុ និងស្នាដៃដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងក្តាប់ជាប់នូវកម្មវិធីនយោបាយ គោលការណ៍ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស។ បន្ថែមលើនេះ យុវជនគណបក្សត្រូវខិតខំបញ្ជ្រាបគោលនយោបាយទាំងនេះទៅក្នុងជួរយុវជន ដើម្បីលើកកម្ពស់ស្មារតីភ្ញាក់រលឹក កសាងជំនឿជាក់ឥតងាករេលើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស ព្រមទាំងចូលរួមទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។

មុនបញ្ចប់ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល បានគូសបញ្ជាក់ថា៖ «យុវជនគណបក្សត្រូវតែសកម្ម និងប៉ិនប្រសប់ក្នុងការចលនាយុវជន ឱ្យស្រឡាញ់ ស្មោះស្ម័គ្រ គាំទ្រ និងហ៊ានលះបង់គ្រប់យ៉ាង ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា»។

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងការ ប្តេជ្ញាចិត្តរួមគ្នារបស់យុវជនគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី៦ ខែមិថុនា ២០២៧៕