ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី រួមជាមួយក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះចំនួនពីរខ្នង ជូនដល់គ្រួសារមានជីវភាពខ្វះខាតពីរគ្រួសារ នៅភូមិដីឡូតិ៍ និងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
គ្រួសារទាំងពីរដែលទទួលបានផ្ទះថ្មីនេះ រួមមាន លោកតា មេឃ អឿម អាយុ៨២ឆ្នាំ និងលោកយាយ ហ៊ាប យាវ អាយុ៦៩ឆ្នាំ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែនៅក្បែរ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកយាយ លោកតា ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារដែលមានជីវភាពខ្វះខាត ដោយមិនទុកបងប្អូនណាម្នាក់ចោលឡើយ។ ក្រៅពីផ្ទះ គ្រួសារទាំងពីរ ក៏ទទួលបានអំណោយបន្ថែមរួមមាន អង្ករ ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយត្រូវចូលរួមលុបបំបាត់ជម្រកមូសខ្លា និងរួសរាន់ធ្វើតេស្តឈាម ប្រសិនបើមានអាការៈសង្ស័យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
ការប្រគល់ផ្ទះ និងអំណោយមនុស្សធម៌នេះ គឺជាការបង្ហាញពីកាយវិការយកចិត្តទុកដាក់ និងការរួមចំណែកជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមបេសកកម្មរបស់កាកបាទក្រហមកម្ពុជា៕


















