ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំប្រជុំពិនិត្យការងារគណបក្សស្រុកតាំងគោកប្រចាំខែកញ្ញា និងដាក់ទិសដៅថ្មីៗសំដៅបង្កើនភាពជឿជាក់របស់ពលរដ្ឋមកលើរាជរដ្ឋាភិបាល


ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកតាំងគោកប្រចាំខែកញ្ញា ដោយមានការចូលរួមពីលោកអនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោកប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ លោកប្រធាន អនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំ ជាច្រើននាក់ទៀត។

បន្ទាប់ពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណបក្សស្រុក បានឡើងធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីលទ្ធផលការងារ និងទិសដៅរបស់គណបក្សស្រុក, សេចក្តីណែនាំ និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត និងការពិភាក្សាផ្តល់យោបល់រួចមក ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យក្រុមការរងារ គណបក្សស្រុក-ឃុំ យកចិត្តទិកដាក់ឱ្យបានខ្ពស់ក្នុងការតាមដានអំពីស្ថានភាពបង្កបង្កើនផល និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ និងត្រៀមលក្ខណៈជួយសង្គ្រោះស្រូវពលរដ្ឋ ក្នុងករណីមានគ្រោះរាំងស្ងួត និងខ្វះទឹក ជាពិសេសនោះគឺការបញ្ជៀបឱ្យប្រជាពលរដ្ឋបានដឹងពីបាតុភូតអាកាសធាតុក្តៅខ្លាំង អែល នីណូ (El Nino) មកលើកម្ពុជា ដោយចៀសវាងការធ្វើស្រែក្នុងរដូវទី២ នៅកន្លែងដែលខ្វះប្រភពទឹក ដែលអាចនាំឱ្យខាតបង់។ ព្រមជាមួយនោះ ក្រុមការងារបក្សចុះជួយឃុំ និងគណបក្សឃុំ ត្រូវរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលនានាដែលយើងខិតខំកសាងក្នុងអាណត្តិនេះឱ្យរួចរាល់មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងនៅតាមមូលដ្ឋាន ពិសេសបញ្ហាទំនាស់ដីធ្លី, បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដូចជា៖ ការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង ពិសេសការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងករណីកើតមានឡើងនៅក្នុងមូលដ្ឋានស្រុក ឃុំ និងភូមិរបស់ខ្លួន ព្រមទាំងបន្តផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានតម្លាភាព។

ជុំវិញការងារបក្សវិញ ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ ខិតខំរក្សា និងពង្រឹងប្រៀបឈ្នះក្នុងការបោះឆ្នោត ដោយឃុំទាំង០៨ ត្រូវធានានូវតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងសម្រេចឱ្យកើនលើសចំនួនអាសនៈដែលមានបច្ចុប្បន្ន, បន្ដការពង្រីកសមាជិកបក្ស ដោយគ្រប់ភូមិខិតខំកសាងឱ្យបាន ៨៥% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, ជំរុញចលនាសមាជិកបក្ស និងអ្នកគាំទ្រឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៦ (ចាប់ពីថ្ងៃទី០៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦) ពិសេសអ្នកដែលបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងឆ្នាំ២០១៧ តម្រូវឱ្យធ្វើបច្ចុប្បន្នភាពជីវមាត្រ (ថតរូប និងផ្តិតមេដៃ), អ្នកទើបគ្រប់អាយុ១៨ឆ្នាំ និងអ្នកផ្លាស់ទីលំនៅមកនៅឃុំថ្មី ឱ្យទៅចុះឈ្មោះបោះឆ្នោតថ្មី។

ទន្ទឹមនេះ ក្រុមការងារត្រូវអនុវត្តតាមសេចក្តីណែនាំ ផែនការសកម្មភាព ប្រតិទិនការងារឆ្ពោះទៅកាន់ការបោះឆ្នោត និងត្រៀមលក្ខណៈសម្បតិ្តទាំងស្មារតី កម្លាំង សម្ភារៈ និងធនធានសម្រាប់បម្រើដល់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្ដិទី៦ ឆ្នាំ២០២៧ខាងមុខនេះ ព្រមទាំងត្រូវចុះជាប់មូលដ្ឋានសួរសុខទុក្ខប្រជាជន និងសមាជិកបក្សដល់ខ្នងផ្ទះ ដើម្បីដឹងសុខទុក្ខ ក្តីកង្វល់ បញ្ហាប្រឈម និងរួមគ្នាពិនិត្យ ដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅបង្កើនភាពជឿជាក់មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាផងដែរ៕