រដ្ឋមន្ត្រីធម្មការនិងសាសនា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការ និងព្រះមន្ត្រីសង្ឃ នៅទូទាំងស្រុកតំបែរ


(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការ និងព្រះមន្ត្រីសង្ឃ ទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការនិមន្តនិងចូលរួមពី ព្រះមេគណខេត្ត ព្រះគ្រូចៅអធិការ ព្រះមន្ត្រីសង្ឃខេត្ត និងស្រុកតំបែរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ, លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត, ក្រុមការងារចុះមូលដ្ឋានឃុំ, តំណាងរដ្ឋបាលខេត្ត, មន្ទីរធម្មការនិងសាសនាខេត្ត, អភិបាលគណៈអភិបាលស្រុក, មេឃុំទាំង៧, និងតាជី យាយជី សរុបចំនួន ៣៩៩ព្រះអង្គ/នាក់។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះព្រះសង្ឃ និងអង្គពិធីទាំងមូល ដែលសម្តេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ព្រះសង្ឃនៅទូទាំងប្រទេសគ្រប់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តតួនាទី និងភារកិច្ចរបស់ព្រះគ្រូចៅអធិការ និងព្រះសង្ឃតាមព្រះឋានានុក្រម ដូចជា ភិក្ខុ សាមណេរ ជាដើម ដោយត្រូវបំពេញករណីកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការដឹកនាំ និងសម្របសម្រួលកិច្ចការវត្តអារាមដោយតម្លាភាព និងសាមគ្គីធម៌រវាងព្រះសង្ឃ និងគ្រហស្ថ។

ទន្ទឹមនឹងនោះ ដោយពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យ ១រោច ដល់ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ព្រះគ្រូចៅអធិការ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម សូមខិតខំរៀបចំពិធីបុណ្យឱ្យបានម៉ត់ចត់ ត្រឹមត្រូវ និងខ្ជាប់ខ្ជួន ស្របតាមទំនៀមទម្លាប់ ប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងអប់រំណែនាំពុទ្ធបរិស័ទឱ្យប្រកាន់ខ្ជាប់សីលធម៌ល្អ ដើម្បីរក្សាភាពថ្លៃថ្នូរ និងជំនឿជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យព្រះគ្រូចៅអធិការ និងគណកម្មការវត្តទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់នូវអភិក្រម «ស៣» គឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ របស់ក្រសួងធម្មការនិងសាសនា និងបណ្ណាល័យ សម្រាប់ព្រះសង្ឃ និងសិស្សានុសិស្ស អាចចូលទៅស្រាវជ្រាវសិក្សារៀនសូត្រ ដើម្បីរួមគ្នាកសាងវត្តអារាមឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំសីលធម៌ វប្បធម៌ និងការអភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យព្រះគ្រូចៅអធិការគ្រប់វត្ត និមន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដោយអប់រំណែនាំពុទ្ធបរិស័ទឱ្យគោរពច្បាប់ចរាចរណ៍ ជៀសវៀងគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរួមចំណែកកសាងសហគមន៍ និងសង្គមកម្ពុជាឱ្យប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ត។ ទន្ទឹមនឹងនោះ មិនត្រូវយកវត្តអារាម និងសាសនដ្ឋាន ធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ ដែលប៉ះពាល់ដល់កិត្យានុភាពព្រះពុទ្ធសាសនា និងសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទឡើយ។ សូមអាចារ្យ អាចារិនី គ្រប់ឋានានុក្រម បង្កើនការត្រួតពិនិត្យ តាមដាន និងសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជាមុននូវរាល់សកម្មភាពអសកម្មដែលអាចកើតឡើងក្នុងបរិវេណវត្តអារាម។

មុននឹងបញ្ចប់ ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្តនៅទូទាំងស្រុកតំបែរ ដែលបាននិមន្តចូលរួមយ៉ាងសកម្មក្នុងការថែរក្សាព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិកន្លងមក ព្រមទាំងបានប្រគេនពរជូនអង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕