ឯកឧត្តម វង សូត ពិនិត្យទីតាំងសាងសង់ស្តូបអនុស្សាវរីយចលនាតស៊ូប្រឆាំងរបប ប៉ុល ពត នៅភូមិភាគបូព៌ា តំបន់ព្រៃតាទក (តំបន់ ៥៧៨)


ព្រៃវែង ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២រដ្ឋសភា បានដឹកនាំគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយចលនាតស៊ូប្រឆាំងរបប ប៉ុល ពត នៅភូមិភាគបូព៌ា ដើម្បីពិនិត្យសិក្សាទីតាំងជាក់ស្តែងសម្រាប់ការសាងសង់។

ចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពខាងលើនេះ រួមមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលជាឥស្សរជនមួយរូបបានចូលរួមចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងរួមមានអតីតយុទ្ធជនតស៊ូជាច្រើន ចូលរួមផងដែរ។

ស្តូបអនុស្សាវរីយចលនាតស៊ូខាងលើនេះ និងសាងសង់នៅលើដីទំហំ ១២០ ហិកតា ស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលស្ថិតនៅក្បែរតំបន់តស៊ូព្រៃតាទក (សព្វថ្ងៃជាចម្ការកៅស៊ូរបស់ប្រជាជន) ដែលលាតសន្ធឹងពីឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង រហូតដល់ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការសាងសង់ស្តូបអនុស្សាវរីយនេះ គឺដើម្បីរំលឹកដល់គុណូបការៈដ៏ឧត្តុង្គឧត្តមចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អតីតកម្មាភិបាល យុទ្ធជន និងប្រជាជននៃតំបន់ភូមិភាគបូព៌ា ដែលបានតស៊ូប្រឆាំងរបប ប៉ុល ពល ក្នុងអំឡុងខែឧសភា ឆ្នាំ១៩៧៨ រហូតដល់ ខែមករា ឆ្នាំ១៩៧៩។

ព្រឹត្តិការណ៍ខែឧសភា ឆ្នាំ១៩៧៨ គឺជារបត់ប្រវត្តិសាស្រ្តដ៏សំខាន់នៃការក្រោកឈរប្រយុទ្ធប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោយពីរបបដ៏ឃោរឃៅនេះ បានបើកយុទ្ធនាការបោសសម្អាត កាប់សម្លាប់ ទៅលើកម្មាភិបាលនៃភូមិភាពបូព៌ា។

នៅចុងខែឧសភា ឆ្នាំ១៩៧៨ កម្មាភិបាល យុទ្ធជន និងប្រជាជនចំនួនប្រមាណ ២ម៉ឺននាក់ ដែលមានកំហឹងឈឺចាប់ជាទីបំផុត បាននាំគ្នារត់ចូលតំបន់ព្រៃតាទក ដើម្បីគេចខ្លួនពីការកាប់សម្លាប់ និងក្រោកឈរឡើងតស៊ូប្រឆាំងនឹងពួកប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងអង់អាចក្លាហានបំផុត។

ចលនាតស៊ូ ដែលកកើតឡើងក្នុងតំបន់ព្រៃតាទក មានរចនាសម្ព័ន្ធចាត់តាំង ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន និងសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាអនុប្រធាន និងមានសមាជិកមួយចំនួនទៀត។

ចលនាតស៊ូនេះ បានក្លាយទៅជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមជាមួយ កម្លាំងតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន និងកម្លាំងតស៊ូតំបន់ផ្សេងទៀត បង្កើតបានជាចលនា២ធ្នូ ឈានទៅផ្តួលរំលំរបប ប៉ុល ពត នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការជួយជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាម។

តំបន់តស៊ូព្រៃតាទក ត្រូវបានគណ:កម្មការសាងសង់ស្តូប ហៅកាត់ថា តំបន់៥៧៨ ដែលសំដៅលើព្រឹត្តិការណ៍ ខែឧសភា ឆ្នាំ១៩៧៨ ដែលជាចំណុចចាប់ផ្តើមនៃការក្រោកឈររបស់ប្រជាជនក្នុងភូមិភាគបូព៌ា ដើម្បីប្រយុទ្ធប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

គួរបញ្ជាក់ថា ឯកឧត្តម វង សូត ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ចាត់តាំងជាប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយចលនាតស៊ូប្រឆាំងរបប ប៉ុល ពត នៅចន្លោះខែឧសភា ឆ្នាំ១៩៧៨ ដល់ ខែមករា ឆ្នាំ១៩៧៩ នៅភូមិភាគបូព៌ា តំបន់ព្រៃតាទក (គណៈកម្មការ ៥៧៨)។

គណៈកម្មការ ៥៧៨ រួមមានអនុគណៈកម្មការចំណុះចំនួន៤ ទទួលបន្ទុកលើការងារប្រវត្តិសាស្ត្រ សាងសង់ បរិស្ថាន និងវប្បធម៌ ដើម្បីធានាថា ការសាងសង់ស្តូបអនុស្សាវរីយប្រកបដោយជោគជ័យគ្រប់ជ្រុងជ្រោយ មានបរិយាបន្ននិងនិរន្តរភាពយូរអង្វែង។

ស្តូបអនុស្សាវរីយ៍នេះ មិនត្រឹមតែជាសម្បត្តិវប្បធម៌ដែលបង្ហាញពីតឹកតាងប្រវត្តិសាស្រ្ត និងការដឹងគុណូបការៈ​ដល់ឥស្សរជន និងយុទ្ធជនពលីប៉ុណ្ណោះទេ តំបន់នេះនឹងក្លាយទៅជាមជ្ឈមណ្ឌលអេកូទេសចរដ៏ទាក់ទាញនៅក្នុងតំបន់ ផងដែរ។

យោងតាមប្រសាសន៍ ឯកឧត្តម វង សូត រំពឹងថាគណៈកម្មការ៥៧៨ នឹងបញ្ចប់ការសិក្សាគម្រោងប្លង់សាងសង់ស្តូបអនុស្សាវរីយ និងរចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗរួចរាល់ ដើម្បីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នៅដើមឆ្នាំ ២០២៧ ខាងមុខនេះ។