ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ រាជរដ្ឋាភិបាលបាននឹងកំពុងចាត់វិធានការបង្រ្កាបយ៉ាងតឹងរ៉ឹង និងជាប្រចាំ ខណៈការឆបោកកំពុងក្លាយជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាពីបណ្តាប្រទេស និងភាគីពាក់ព័ន្ធ។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំណែនាំ និងតម្រង់ទិសអ្នកផលិតមាតិកាលើបណ្តាញសង្គម នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្តោតលើការចូលរួមរបស់អ្នកផលិតមាតិកា ក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងបង្កើនការយល់ដឹងរបស់សាធារណជនអំពីហានិភ័យនៃការឆបោកតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងបរិបទឌីជីថលបច្ចុប្បន្ន បណ្តាញឧក្រិដ្ឋជន Online Scams អាចប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គម ដើម្បីពង្រីកសកម្មភាពឆបោកឆ្លងកាត់ព្រំដែន និងកំណត់គោលដៅទៅលើប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសផ្សេងៗ។ ដោយសារតែបញ្ហានេះមានលក្ខណៈឆ្លងដែន ការប្រយុទ្ធប្រឆាំងនឹង Online Scams មិនអាចពឹងផ្អែកលើសកម្មភាពរបស់ប្រទេសណាមួយតែឯងបានឡើយ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការផ្លាស់ប្តូរព័ត៌មាន និងការរួមគ្នាចាត់វិធានការរបស់បណ្តាប្រទេស និងស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈការពង្រឹងការផ្សព្វផ្សាយព័ត៌មាន ការអប់រំ និងបង្កើនការយល់ដឹងរបស់សាធារណជន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងបរិបទនេះ អ្នកផលិតមាតិកាលើបណ្តាញសង្គម ត្រូវបានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ ផ្ទៀងផ្ទាត់បាន និងមានការទទួលខុសត្រូវ ដើម្បីជួយប្រជាពលរដ្ឋស្វែងយល់ពីល្បិចកលឆបោក និងបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំង Online Scams មិនមែនជាបញ្ហារបស់កម្ពុជាតែឯងទេ ប៉ុន្តែជាបញ្ហារួមរបស់សហគមន៍អន្តរជាតិ ដែលតម្រូវឱ្យមានការរួមកម្លាំងរវាងរដ្ឋ ស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងសង្គមឌីជីថល ដើម្បីរួមគ្នាកាត់បន្ថយលំហប្រតិបត្តិការរបស់បណ្តាញឧក្រិដ្ឋកម្ម និងការពារប្រជាពលរដ្ឋពីការឆបោកតាមអនឡាញ៕

















