ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្ត ឱ្យអ្នកវិនិយោគពីក្រៅប្រទេស មកវិនិយោគស្របច្បាប់ ឱ្យបានច្រើនបន្ថែមទៀត នៅរាជធានីភ្នំពេញ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន និងធ្វើឱ្យមានកំណើនទេសចរណ៍នៅកម្ពុជាកើនឡើងមួយកម្រិតថែមទៀត។
ឯកឧត្តមមានប្រសាសន៍បែបនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ខណៈលោក និងលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធផ្លូវការសណ្ឋាគារ ឡាវីអា (LAVIA HOTEL) ដែលមានទីតាំង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមានសណ្ឋាគារឡាវីអា (LAVIA HOTEL) នៅភ្នំពេញនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹង ជាមួយនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អ ចំពោះការវិនិយោគទាំងអស់។ នេះជាសញ្ញាមួយក្នុងការទាក់ទាញទេសចរណ៍ឱ្យមកដើរលេងកម្សាន្ត នៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រក្សាបានកំណើនសេដ្ឋកិច្ចជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគ ព្រមទាំងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យលើគ្រប់វិស័យបន្ថែមទៀត យើងគ្រប់គ្នាត្រូវរួមគ្នារក្សាឱ្យបានសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ។ លោកសូមឱ្យជួយផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគឱ្យបានច្រើន មកបោះទុន វិនិយោគស្របច្បាប់នៅកម្ពុជា ហើយរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រជានិច្ច។
លោក លី យីងអាន អគ្គនាយកក្រុមហ៊ុន លី អាន អិមស៊ី ឯ.ក បានឱ្យដឹងថា សណ្ឋាគារឡាវីអា (LAVIA HOTEL) ជាសណ្ឋាគារផ្កាយ៤ មានបន្ទប់គេងចំនួន ៧៩បន្ទប់ មានភោជនីយដ្ឋាន សាលសន្និសីទ កន្លែងជប់លៀង មានស្កាយបា ស្ទីមនិងអាងហែលទឹក ប្រកបដោយប្រណិតភាព។
លោក លី យីងអាន បានបន្តថា ការបង្កើតឱ្យមានសណ្ឋាគារឡាវីអា (LAVIA HOTEL) គឺពិតជាបានចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ហើយក៏ជួយបង្កើតការងារឱ្យប្រជាពលរដ្ឋកម្ពុជាផងដែរ៕





















