អភិបាលខេត្តតាកែវ ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យខ្លាំងក្លាថែមទៀត


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនល្បឿន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។

ការណែនាំនេះធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំទូទាំងស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ នាថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺជាឯកសារចាំបាច់សម្រាប់បុគ្គលម្នាក់ៗ ជាពិសេសសម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោត។ ដូច្នេះ មន្ត្រីជំនាញ និងអាជ្ញាធរឃុំ-សង្កាត់ ត្រូវចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អ្នកដែលផុតកំណត់ អ្នកដែលបាត់បង់ ឬអ្នកដែលមិនទាន់បានធ្វើពីមុនមក។

ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីសារៈសំខាន់នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ការទទួលសេវាសាធារណៈ និងការអនុវត្តសិទ្ធិក្នុងការចូលរួមបោះឆ្នោត។

ឆ្លៀតក្នុងឱកាសនោះ ប្រធានគណបក្សខេត្តតាកែវ ក៏បានណែនាំដល់សមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យអស់ពីសមត្ថភាព តាមរយៈការបម្រើសេវាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដឹងពីសុខទុក្ខ និងជួយដោះស្រាយរាល់ទុក្ខលំបាក និងសេចក្ដីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិ និងសេវាសាធារណៈបានពេញលេញ៕