សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញឱ្យមានចលនា«គ្រួសារមួយ ដើមឈើមួយ» ដើម្បីឱ្យប្រជាពលរដ្ឋឲ្យយល់ដឹងពីតម្លៃនៃព្រៃឈើ និងបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងជំរុញឱ្យមានចលនា «គ្រួសារមួយ ដើមឈើមួយ» នៅតាមមូលដ្ឋាន និងការអប់រំបរិសា្ថន តាមរយៈការបំផុសចលនាដាំដើមឈើ នៅតាមលំនៅឋាន សាលារៀន វត្តអារាម និងទីសាធារណៈ ព្រមទាំងបង្កើនការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃដ៏មហាសាលនៃព្រៃឈើ និងការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញដូចនេះនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង ៨ ទូទាំងខេត្តស្វាយរៀង ដែលពិធីនេះបានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ បង្កើនគម្របបៃតង លើកកម្ពស់បរិស្ថាន និងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសប្រកបដោយចីរភាព, រួមចំណែកកាត់បន្ថយធូលី ផ្សែង និងកម្ដៅនៅក្នុងតំបន់ឧស្សាហកម្ម បង្កើតបរិកាសការងារ និងបរិស្ថានល្អ» នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ខេត្តស្វាយរៀង។

ស្របជាមួយនឹងការជំរុញឱ្យមានចលនា «គ្រួសារមួយ ដើមឈើមួយ» សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងរំលឹកឡើងវិញពីព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានផ្តួចផ្តើមរៀបចំពិធី «រុក្ខទិវា» ជាចលនាជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្ដឱ្យកូនចៅជាទីស្រលាញ់របស់ព្រះអង្គ ឱ្យចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើម ឈើនៅទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបន្តរៀបចំពិធី រុក្ខទិវា នេះជារៀងរាល់ឆ្នាំ។

សម្តេច ម៉ែន សំអន បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដាំកូនឈើនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើនេះ មិនត្រឹមតែជាការបំផុសចលនា ដើម្បីបង្កើនគម្របបៃតងក្នុងខេត្តស្វាយរៀងឱ្យមានការដាំដើមឈើ ប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកលើកស្ទួយនូវវប្បធម៌ដ៏ល្អប្រសើរ និងជាចលនាជាតិមួយដ៏មានសារៈសំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងការលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកប ការអភិរក្ស ដោយចីរភាព។

ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និងក្លាយជាក្តីសង្ឃឹមសម្រាប់កូន ចៅជំនាន់ក្រោយរបស់យើង។ ស្មារតីនៃការស្រឡាញ់ និងការពារព្រៃឈើនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈទស្សនវិស័យដឹកនាំវែងក៏ឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បាន បញ្ជាក់ថា «ការដាំកូនឈើ មិនត្រឹមតែជាការស្ដារគម្របព្រៃឈើឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើបរិស្ថាន និងការការពារភពផែនដីសម្រាប់កូនចៅជំនាន់ក្រោយ»