សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងស្ថាប័ន ANRS MIE នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រស្តីពី «ការជំរុញការស្រាវជ្រាវលើជំងឺឆ្លងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងលិច» ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវមកពី បារាំង វៀតណាម ឡាវ កូតឌីវ័រ និងកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះដែរ លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងថា «ការអញ្ជើញរបស់ជំនាញតាមបណ្ដាប្រទេសនាពេលនេះ បង្ហាញឱ្យឃើញពីសារៈសំខាន់ដែលយើងទាំងអស់គ្នាផ្តល់ជូនដល់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍»។
លោកសាស្ត្រាចារ្យបានបន្តថា ជំងឺឆ្លងមិនប្រកាន់ព្រំដែនប្រទេសឡើយ។ បញ្ហាប្រឈមជាច្រើនដែលយើងជួបប្រទះទាក់ទងនឹងជំងឺរបេង និងមេរោគអេដស៍ គឺជាបញ្ហាដែលប្រទេសនានាជួបប្រទះដូចៗគ្នា ទោះបីជាស្ថានភាពរាតត្បាតនៃជំងឺ ប្រព័ន្ធសុខាភិបាល និងធនធានដែលមានអាចមានភាពខុសគ្នាក៏ដោយ។ គ្មានស្ថាប័នតែមួយ ឬប្រទេសតែមួយណា អាចដោះស្រាយសំណួរទាំងអស់នេះដោយខ្លួនឯងបានឡើយ។
លោកសាស្ត្រាចារ្យបានបន្តទៀតថា «កិច្ចសហប្រតិបត្តិការនេះអនុញ្ញាតឱ្យយើងប្រមូលផ្តុំធនធានមនុស្ស ដែលមានភាពចម្រុះគ្នា ចំណេះដឹងជំនាញ សមត្ថភាពស្រាវជ្រាវ និងបទពិសោធន៍នៃប្រព័ន្ធសុខាភិបាល។ សំខាន់ជាងនេះទៅទៀត នៅពេលដែលការស្រាវជ្រាវត្រូវបានបង្កើតឡើងរួមគ្នា ដោយអ្នកស្រាវជ្រាវមកពីប្រទេសដែលនឹងត្រូវយកលទ្ធផលស្រាវជ្រាវនោះទៅអនុវត្តជាក់ស្តែង វាមានឱកាសខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងអាចប្រែក្លាយទៅជាគោលនយោបាយ និងការអនុវត្តជាក់ស្តែង»។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ជឿជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះមិនមែនគ្រាន់តែជាការបង្កើតគម្រោងស្រាវជ្រាវប៉ុណ្ណោះទេ។វាគឺជាការកសាងសហគមន៍មួយដែលប្រមូលផ្តុំដោយអ្នកស្រាវជ្រាវ និងស្ថាប័ននានា ដែលអាចធ្វើការរួមគ្នាបានក្នុងរយៈពេលវែង។ ជាងនេះទៅទៀត សម្រាប់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ គឺជាឱកាសដ៏សំខាន់មួយ ដើម្បីពង្រឹងតួនាទីរបស់ខ្លួន ក្នុងការស្រាវជ្រាវផ្នែកសុខាភិបាលទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះលោកបានប្តេជ្ញាចិត្តធ្វើការជាមួយដៃគូ ដើម្បីកសាងសមត្ថភាពស្រាវជ្រាវ លើកកម្ពស់ភាពជាអ្នកដឹកនាំផ្នែកវិទ្យាសាស្ត្រ និងរួមចំណែកផ្តល់នូវភស្តុតាងដែលអាចឆ្លើយតបទៅនឹងអាទិភាពផ្នែកសុខាភិបាលរបស់កម្ពុជា ក៏ដូចជាតំបន់ទាំងមូល។
នាឱកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះមិនមែនគ្រាន់តែជាសន្និសីទធម្មតានោះទេ ប៉ុន្តែជាកិច្ចប្រជុំការងារ និងការពិគ្រោះយោបល់ ដើម្បីកំណត់អាទិភាពនៃការស្រាវជ្រាវរួមគ្នា ដោះស្រាយគម្លាតនៃចំណេះដឹង បង្កើតគំនិតសម្រាប់ការស្រាវជ្រាវរួមគ្នា និងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រប្រកបដោយនិរន្តរភាព។
ឯកឧត្តមសាស្ដ្រាចារ្យបានបន្ដថា «តាមរយៈដំណើរការនេះ យើងអាចជំរុញគំនិតស្រាវជ្រាវដែលអាចនឹងត្រូវបានអភិវឌ្ឍបន្ថែមទៀត សម្រាប់ការអំពាវនាវដាក់សំណើគម្រោងរបស់ ANRS MIE នៅពេលអនាគត និងឱកាសទទួលបានមូលនិធិអន្តរជាតិផ្សេងទៀត»។
ឯកឧត្តមបានបន្តទៀតថា «ទោះបីជាប្រទេសរបស់យើងមានបរិបទផ្សេងៗគ្នាទាក់ទងនឹងស្ថានភាពរាតត្បាតនៃជំងឺ និងប្រព័ន្ធសុខាភិបាលក៏ដោយ ក៏យើងមានបញ្ហាប្រឈមរួមគ្នាជាច្រើនក្នុងការគ្រប់គ្រងជំងឺរបេង និងមេរោគអេដស៍ រួមទាំងកង្វះខាតធនធាន ការផ្តល់សេវាបែបវិមជ្ឈការ និងតម្រូវការក្នុងការវាយតម្លៃលើវិធីសាស្ត្រអន្តរាគមន៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត នៅក្នុងលក្ខខណ្ឌនៃការអនុវត្តកម្មវិធីជាប្រចាំ ។ភាពខុសគ្នានេះមិនគួរត្រូវបានចាត់ទុកថាជាឧបសគ្គនោះទេ។ ផ្ទុយទៅវិញ វាគឺជាធនធានដ៏មានតម្លៃដែលអាចជួយពង្រីកការយល់ដឹងរួមរបស់យើង និងពង្រឹងភាពចាំបាច់ និងភាពជាក់ស្តែងនៃការស្រាវជ្រាវរបស់យើង»។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យផ្តោតលើសំណួរស្រាវជ្រាវដែលមានសារៈសំខាន់ផ្នែកវិទ្យាសាស្ត្រ មានភាពស៊ីសង្វាក់គ្នាជាមួយអាទិភាពថ្នាក់ជាតិ និងតំបន់របស់យើង មានលទ្ធភាពអាចអនុវត្តបាននៅក្នុងបរិបទផ្សេងៗគ្នា និងមានសមត្ថភាពបង្កើតឱ្យមានផលប៉ះពាល់ជាវិជ្ជមាន និងមានអត្ថន័យ។ ព្រោះថាគោលដៅរបស់កម្ពុជា មិនគួរគ្រាន់តែជាការបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតភស្តុតាងដែលអាចជួយតម្រង់ទិសគោលនយោបាយ ពង្រឹងកម្មវិធី និងកែលម្អលទ្ធផលសុខភាពផងដែរ។

























