ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នៅរដូវកាលបៃតង» ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍»។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ និងអង្គភាពពាក់ព័ន្ធ ដោយមានតម្រាយផ្លូវជិះកង់ប្រមាណ ១២គីឡូម៉ែត្រ និងមានអ្នកចូលរួមសរុបប្រមាណ ១,២៩៩នាក់ លើសពីការគ្រោងទុក។
អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមានតំណាងវិស័យឯកជន អ្នកផលិតមាតិកា Influencers, KOLs ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសបារាំង បែលហ្ស៊ិក អាល្លឺម៉ង់ ជប៉ុន និងចិនផងដែរ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តម្រាយផ្លូវក្នុងព្រៃតំបន់អង្គរ ព្រមទាំងចូលរួមផ្សព្វផ្សាយ «ព្រឹត្តិការណ៍សមរាត្រីអង្គរ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើនក្នុងរដូវកាលបៃតង។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ក្នុងតំបន់អង្គរ គឺជាកម្មវិធីអមដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍សមរាត្រីអង្គរ និងជាស្ពានតភ្ជាប់អ្នកចូលរួមជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ព្រមទាំងបង្កើតបទពិសោធន៍ទេសចរណ៍ថ្មីៗ និងមិនអាចបំភ្លេចបាន នៅលើទឹកដីអង្គរដ៏អច្ឆរិយៈ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ កីឡាករ កីឡាការិនី យុវជន និងភ្ញៀវទេសចរទាំងអស់ ចូលរួមបំផុសស្មារតីស្រឡាញ់ជាតិ ស្រឡាញ់មាតុភូមិ ស្គាល់ទឹកដី និងចូលរួមថែរក្សាបេតិកភណ្ឌ និងធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
ឯកឧត្តមបានបន្ថែមថា ការចូលរួមទាំងអស់គ្នា ក៏ជាការរួមចំណែកបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ ដែលតែងតែស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារក្រសួងទេសចរណ៍ បន្តសហការជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ រៀបចំ «ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ» ជារៀងរាល់ឆ្នាំ និងដាក់បញ្ចូលព្រឹត្តិការណ៍នេះក្នុងប្រតិទិនព្រឹត្តិការណ៍ (Events Calendar) ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍឱ្យក្លាយជាព្រឹត្តិការណ៍ទេសចរណ៍កីឡាដ៏ទាក់ទាញមួយរបស់ខេត្តសៀមរាប និងកម្ពុជា៕



















