នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ១០ភូមិ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ដែលជាម្ចាស់អចលនវត្ថុ។
មានប្រសាសន៍ក្នុងពិធី លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃការអនុវត្តការងារចុះបញ្ជីដីធ្លី និងជាវិធានការសំខាន់ក្នុងការធានា សុវត្ថិភាព នៃការ កាន់ កាប់និងប្រើប្រាស់អចលនវត្ថុរបស់ប្រជាពលរដ្ឋ ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺមានសារៈ សំខាន់ ក្នុងការ បញ្ជាក់សិទ្ធិលើអចលនវត្ថុរបស់ម្ចាស់ កម្មសិទ្ធិជួយកាត់បន្ថយហានិភ័យនៃការកើតមានទំនាស់ពាក់ព័ន្ធនឹង ដីធ្លី និង សម្រួល ដល់ការធ្វើប្រតិបត្តិការ ផ្សេងៗ ដែល ពាក់ព័ន្ធ នឹងអចលនវត្ថុ រួមទាំងការផ្ទេរសិទ្ធិ ឬកម្មសិទ្ធិបន្តតាមនីតិ វិធីច្បាប់។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងនាម ជា អ្នកផ្តល់សេវាសាធារណៈ ត្រូវអនុវត្តការងារដោយតម្លាភាព ត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងគិតគូរពីផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាធំ ព្រោះបញ្ហាដីធ្លីជាបញ្ហារសើប ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងការអនុវត្តការងារប្រកប ដោយការ ទទួលខុសត្រូវខ្ពស់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវរក្សា ទុកឯកសារឱ្យបានល្អ និងប្រើប្រាស់ឯកសារតាមគោលការណ៍ និងនីតិវិធីច្បាប់ព្រមទាំងចូលរួមថែរក្សា និងការពារសិទ្ធិ ស្របច្បាប់លើអចលនវត្ថុរបស់ខ្លួន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យស្វែងយល់ឱ្យបានច្បាស់លាស់ អំពីនីតិវិធីនៃការចុះបញ្ជីនិងការផ្តល់កម្មសិទ្ធិដីធ្លី ដើម្បីជៀសវាងការចាញ់បោកជនខិលខូច ដែលអាចឆ្លៀតឱកាសទារកម្រៃបន្ថែមលើសេវាដែលបានកំណត់តាមច្បាប់ និងតារាងតម្លៃសេវាសាធារណៈ ហើយបើករណីមានចម្ងល់ ឬមិនមាន ភាពច្បាស់លាស់ពាក់ព័ន្ធនឹងនីតិវិធីនិងសេវាកម្ម លោកជំទាវបានណែនាំឱ្យប្រជាពលរដ្ឋស្វែងរក ការប្រឹក្សាយោបល់ ពី មន្ត្រីជំនាញនៅតាមទីតាំងផ្តល់សេវា រួមមានរដ្ឋបាលក្រុង ស្រុក និងច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត ដើម្បីទទួល បានព័ត៌មានត្រឹមត្រូវ និងជៀសវាងការចំណាយក្រៅផ្លូវការ។
បើតាមរបាយការណ៍របស់លោក ហុង ពៅ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា៖ ខេត្តប៉ៃលិន មានក្បាលដីប៉ាន់ស្មានប្រមាណ ៦០,២០៨ ក្បាលដី ក្នុងនោះការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុរួច មានចំនួន ២១,៣១៤ ក្បាលដី ក្នុងនោះ ស្រុកសាលាក្រៅ មានក្បាលដីប៉ាន់ស្មានប្រមាណ ៣៤,៨៥៧ ក្បាលដី ហើយការងារវាស់វែងក្បាលដីបានបញ្ចប់ ១០០ភាគរយ ដោយចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុរួច មានចំនួន ៩,២៨៧ ក្បាលដី៕









