កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និហសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលនេះ។
កម្ពុជា និងបារាំង បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំនេះឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅតំបន់នេះកាលពី២៩ឆ្នាំមុន។
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ ដោយមានការដឹកនាំកិច្ចប្រជុំពិភាក្សាជាច្រើន។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ាត សីលា បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការហាត់សមលើកទី១ សម្រាប់កិច្ចប្រជុំកំពូលនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្រៅពីនេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech) ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ ការរៀបចំនេះនឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក៕






















