ឯកឧត្តម ហេង រតនា៖ កម្ពុជាមានប្រវត្តិសាស្ត្រជិត ២០០០ឆ្នាំ គ្មានហេតុផលត្រូវបន្លំបោកប្រាស់​ ប្រវត្តិសាស្ត្ររបស់អ្នកណាឡើយ !


ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី២២ ខែកញ្ញានេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមានមរតកប្រវត្តិសាស្ត្រដ៏មហស្ចារ្យ ជាភស្តុតាងយ៉ាងច្រើនរាប់មិនអស់ ដូចជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុត រួមមានប្រាសាទ សិលាចារឹក អក្សរសាស្ត្រ និងសិល្បៈវប្បធម៌ដ៏សម្បូរបែបទាំងរូបិយ និងអរូបិយ តាំងពីសម័យបុរេប្រវត្តិ និងប្រវត្តិសាស្ត្រជិត ២ ០០០ឆ្នាំនៃគ្រឹស្តសករាជ្យ។

ឯកឧត្តម ហេង រតនា បានបន្តទៀតថា ជាមួយនឹងប្រវត្តិសាស្ត្រដ៏យូរលង់ និងសម្បូរបែបនេះ ខ្មែរគ្មានហេតុផលអ្វីត្រូវបន្លំបោកប្រាស់ប្រវត្តិសាស្ត្ររបស់អ្នកណាឡើយ។ ប្រជាជនខ្មែរគ្រប់រូបគួររួមគ្នាការពារ និងអភិរក្សមរតកដូនតារបស់យើងឱ្យបានគង់វង្សយូរអង្វែង។

ឯកឧត្តម ហេង រតនា បានលើកឡើងដូច្នេះថា៖ «ខ្មែរមានមរតកប្រវត្តិសាស្ត្រដ៏មហស្ចារ្យ​ ជាភស្តុតាងយ៉ាងច្រើនឥគណនា​ ដូចជាស្ថាបនកម្មដ៏អស្ចារ្យបំផុត ​រួមមានប្រាសាទ​ សិលាចារឹក​ អក្សរសាស្ត្រ​ និងសិល្បៈវប្បធម៌​ ដ៏សម្បូរបែបទាំងរូបីនិងអរូបី​ តាំងពីសម័យបុរេប្រវត្តិ និងប្រវត្តិសាស្ត្រជិត២.០០០ឆ្នាំនៃគ្រឹស្តសករាជ្យ! ។ ដូចនេះខ្មែរ​ គ្មានហេតុផលត្រូវបន្លំបោកប្រាស់​ ប្រវត្តិសាស្ត្ររបស់អ្នកណាឡើយ! ខ្មែររួមគ្នាការពារ និងអភិរក្សមរតកដូនតាយើង! សាមគ្គី ​និងការឯកភាពជាតិ​ ធានាភាពខ្លាំងនៃខឿនការពារជាតិ!»

ការថ្លែងនេះទំនងធ្វើឡើង ដើម្បីឆ្លើយតបទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី Sabida Thaiseth ដែលបានចេញមកអះអាងថា រូបភាពនារីបុរាណ ដែលកម្ពុជាបានដាក់តាំង ក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ ជារូបភាពមានដើមកំណើតនៅប្រទេសថៃ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថានេះ ជារូបស្ត្រីខ្មែរបុរាណដែលត្រូវបានយកមកដាក់តាំងនោះ មានឈ្មោះថា នាង សុខ ជានាដការីរបាំព្រះរាជទ្រព្យ ក្នុងរាជព្រះករុណាព្រះបាទនរោត្តម។ នាង សុខ បានរៀបការជាមួយលោក Paul Le Faucheur ជនជាតិបារាំង ដែលជានាយទាហានជាន់ខ្ពស់ខាងជើងទឹក ហើយបង្កើតបានកូនស្រីម្នាក់។

រូបទាំងនេះថតដោយ លោក Emile Gsell ក្នុងរវាងឆ្នាំ ១៨៦០ ដែលអាចរករូបថតដ៏ស្រស់ស្អាតរបស់ នាង សុខ តាមរយៈគេហទំព័រដូចខាងក្រោម ៖
១. https://commons.wikimedia.org/wiki/File:Emile-gsell-femme-cambodgienne_6bdedb30b60ea637ce9ff325e1b1c91e.webp?
២.​​ https://www.cca.qc.ca/en/search/details/collection/object/351681?
៣. https://portail.museedesconfluences.fr/notice145831039026795808?