ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នាថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមវេទិកាសកល អង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត (The 4th UNESCO Global Forum on the Ethics of Artificial Intelligence – GFEAI) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសកលដើម្បីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកបញ្ញាសិប្បនិម្មិត និងអ្នកតំណាងមកពីប្រទេសជាង ៥២ ព្រមទាំងតំណាងអង្គការអន្តរជាតិ គ្រឹះស្ថានស្រាវជ្រាវ និងវិស័យឯកជនសរុបជាង ១២០០នាក់។
វេទិកាសកលនេះ ត្រូវបានសហការរៀបចំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត តំណាងដោយអាជ្ញាធរទិន្នន័យ និងបញ្ញាសិប្បនិម្មិតនៃអារ៉ាប់ប៊ីសាអូឌីត និងមជ្ឈមណ្ឌលស្រាវជ្រាវនិងសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ។
នៅក្នុងវេទិកានេះ ឯកឧត្តម សេង សុភាព បានចូលរួមក្នុងកិច្ចពិភាក្សាបិទទ្វារថ្នាក់រដ្ឋមន្ត្រី និងបានចែករំលែកអំពីវឌ្ឍនភាពនៅកម្ពុជា រួមមាន ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌសីលធម៌ ព្រមទាំងទិសដៅសម្រាប់ការអភិវឌ្ឍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន និងការផ្ដោតលើមនុស្ស។
ជាមួយគ្នានេះ ឯកឧត្តម សេង សុភាព ក៏បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្តីពី «ហិរញ្ញប្បទាន និងភាពជាដៃគូសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» ដោយបានចែករំលែកអំពីការកសាងសមត្ថភាពជាតិផ្នែកបញ្ញាសិប្បនិម្មិត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍទិន្នន័យនិងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត។
ឯកឧត្តម សេង សុភាព ក៏បានចូលរួមកិច្ចប្រជុំជាមួយតំណាងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីបាស៊ីហ្វិកដូចជា លោក Abou Amani អគ្គនាយករងទទួលបន្ទុក ផ្នែកវិទ្យាសាស្រ្តនៃអង្គការយូណេស្កូ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍ អភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅកម្ពុជា និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងការគាំទ្ររបស់អង្គការយូណេស្កូនិងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន៕





