រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រីតថេន (អង់គ្លេស) លោក Lord Hanson នឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងត្រៀមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ថ្មីមួយ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន។
យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញានេះថា បណ្តាញឧក្រិដ្ឋជននាពេលបច្ចុប្បន្នដំណើរការដោយគ្មានព្រំដែន ដូច្នេះកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងបង្ក្រាបក៏ត្រូវតែធ្វើឡើងដោយគ្មានព្រំដែនដូចគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលកំពុងគំរាមកំហែងដល់សន្តិសុខសកល។
ក្រៅពីការចូលរួមក្នុងសន្និសីទអន្តរជាតិ និងការចុះហត្ថលេខាលើ MOU លោក Lord Hanson ក៏គ្រោងជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហាឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅកម្ពុជា។
ស្ថានទូតអង់គ្លេសបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រមូលផ្តុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ គឺជាចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ កិច្ចសហការរួមគ្នារវាងកម្ពុជា និងអង់គ្លេស នឹងជួយរំខានដល់ដំណើរការ និងឈានទៅបង្ក្រាបបណ្តាញឧក្រិដ្ឋជន ការពារពលរដ្ឋងាយរងគ្រោះ ព្រមទាំងពង្រឹងយន្តការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦៕

