គ.ជ.ប ផ្សព្វផ្សាយកម្មវិធីស្វែងយល់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦


ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងដំណើរការជាផ្លូវការនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតកម្មវិធីស្វែងយល់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ក្នុងស្រទាប់មហាជននៅទូទាំងប្រទេសកម្ពុជា អំពីសារៈសំខាន់ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

កម្មវិធីស្វែងយល់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ នឹងត្រូវបានធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ តាមរយៈការធ្វើវិមជ្ឈការការងារអប់រំម្ចាស់ឆ្នោតជូនលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើជាវាគ្មិនឆ្លើយ និងបកស្រាយសំណួរ ចម្ងល់ និងសំណូមពររបស់មិត្តអ្នកស្តាប់១ម៉ោង ក្នុង១ថ្ងៃ សម្រាប់រយៈពេល៣០ថ្ងៃ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត។

កម្មវិធីនេះ គឺជាការបើកឱកាសដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា ធ្វើការស្វែងយល់ និងស្រាយចម្ងល់របស់ខ្លួន និងត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យបានគ្រប់ៗគ្នា៕