ព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប សកម្មភាពការងារវេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បី ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារ វ៉ៃគោ ខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ក្នងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះតាមដានការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលប្រចាំខេត្តស្វាយរៀងនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមសម្ដែងនូវក្ដីសោមនស្សរីករាយដោយបានជួបជាមួយលោក លោកស្រីក្រុមការងារថ្នាក់ជាតិព្រមទាំងសមាជិកសមាជិការអង្គប្រជុំទាំងអស់ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈនាពេលនេះ។ លោកជំទាវក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអស់លោក លោកស្រីដែលបានចុះផ្ទាល់តាមមូលដ្ឋាននិងបានយកអស់ពីស្មាតីកម្លាំងកាយចិត្តធនធានថវិកាសម្ភារជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពតាមបណ្ដាមូលដ្ឋាននានាទូទាំងខេត្តរួមចំណែកឲ្យខេត្តស្វាយរៀងទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ពិសេសការធានាស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបង្កលក្ខណៈក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យគ្រប់មូលដ្ឋានសំដៅរួមចំណែកលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ។
លោកជំទាវ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនិងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដូចតទៅ ៖ ១. ត្រូវខិតខំ ដោះស្រាយបញ្ហាដែលនៅ សេសសល់ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ២. ត្រូវមានកិរិយាមាយាទសុភាពរាបសារ ទន់ភ្លន់ ដោះស្រាយដោយ សាមគ្គីភាព ៣. ត្រូវបន្តជម្រុញឲ្យជោគជ័យកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាព អសកម្ម របស់មន្ត្រីដឹកនាំទាំងស្ថាប័នបក្ស និងស្ថាប័នរដ្ឋ ដោយបន្តការអនុវត្តតាម ទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ៤. ត្រូវតាមដាន ស្តាប់រាល់ប្រសាសន៍ និងសុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជា ទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។ ៥. បន្តផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាលសម្រេចបាននាពេល កន្លងមក ទាំងក្នុងវិស័យនយោបាយ វិស័យការទូត ការរីកចំរើនខាងសេដ្ឋកិច្ច ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបន្តជម្រុញក្នុងការអនុវត្ត នូវក្របខណ្ឌគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង ៦.ត្រូវជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបាន ច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់ មធ្យោបាយជួយសម្រួល និង ដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល៕