សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពដ៏ខ្ពងខ្ពស់​ ក្នុងពិធីប្រគល់តំណែង អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា


នៅព្រឹកថ្ងៃសៅរ៍៣រោច​ ខែបឋមាសាឍ​ ឆ្នាំច​សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០១៨នេះ​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពងខ្ពស់​ ក្នុងពិធីប្រគល់តំណែង អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្ទេរតំណែង នាយសេនាធិការចម្រុះស្តីទី នៃកងយោធពលខេមរភូមិន្ទ និងតំណែងមេបញ្ជាការស្តីទី នៃកងទ័ពជើងគោកជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក ។

ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិទាំងអស់ បានមកចូលរួមអបអរសាទរ ដល់ការចូលកាន់តំណែងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្រសួងការពារជាតិ នាព្រឹកនេះ។

ការប្រគល់តំណែងស្តីទីសំខាន់ៗនេះជូនដល់ ឯកឧត្តមទាំងពីររូប គឺធ្វើឡើង ទៅតាមតម្រូវការចាំបាច់ ដោយសារតែ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន, ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម និង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ជាកាតព្វកិច្ច ក្នុងការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦៕